ព័ត៌មានអន្តរជាតិ

ត្រឹមតែមួយថ្ងៃ​ ជនចំណាកស្រុកជិត​ ៤០០នាក់ធ្វេីដំណេីរមកដល់ប្រជុំកោះ​ Canary របស់អេស្ប៉ាញ

image

សាច់រឿង៖ក្រុមជនចំណាកស្រុកជិត​ ៤០០នាក់​ក្នុងនោះមានកូនក្មេង​ ៣នាក់​ និងស្ត្រី​ ១៣នាក់​ផងត្រូវបានជួយសង្គ្រោះកាលពីថ្ងៃអង្គារ នៅក្នុងមហាសមុទ្រអាត្លង់ទិក​ក្បែរប្រជុំកោះខាណារី​ (Canary) របស់ប្រទេសអេស្ប៉ាញ។ 

សេវាសង្គ្រោះបន្ទាន់របស់អេស្ប៉ាញបានបញ្ជាក់ថា ក្រុមជនចំណាកស្រុកទាំងនេះបានធ្វើដំណើរតាមទូកចំនួន​ ១២គ្រឿងផ្សេងគ្នា​ និងបានថា​ បុរសម្នាក់បានស្លាប់។ 

ផលប៉ះពាល់នៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩​ ទៅលើវិស័យទេសចរណ៍​ និងឧស្សាហកម្មដទៃទៀតនៅក្នុងអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិកកំពុងជំរុញឲ្យមនុស្សកាន់តែច្រេីនជ្រេីសរេីសយកការធ្វេីដំណេីរប្រកបដោយគ្រោះថ្នាក់ដេីម្បីចូលមកអេស្ប៉ាញ។  

ទិន្នន័យក្រសួងមហាផ្ទៃអេស្ប៉ាញបានបង្ហាញថា​ គិតចាប់តាំងពីដេីមឆ្នាំ២០២១​ រហូតមកដល់ចុងខែសីហាកន្លងទៅ​ ក្រុមជនចំណាកស្រុកជាង​ ៩ពាន់២រយនាក់បានធ្វេីដំណេីរចេញមកពីឆ្នេរសមុទ្រនៃទ្វីបអាហ្វ្រិកមកដល់តំបន់ប្រជុំកោះខាណារី​ (Canary) របស់អេស្ប៉ាញ។

ចំនួននេះបានកេីនឡេីង​ ១៣៥,៨%​ បេីធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ 

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានប្រកាសថា​ មនុស្សរាប់រយនាក់បានស្លាប់​ ឬបាត់ខ្លួនកាលពីឆ្នាំមុនបន្ទាប់ពីប៉ុនប៉ងឆ្លងចូលទៅតំបន់ប្រជុំកោះរបស់អេស្ប៉ាញនៅក្នុងមហាសមុទ្រអាត្លង់ទិកដោយប្រេីប្រាស់ទូកដែលមានម៉ាស៊ីនចាស់ៗ​ និងមានមនុស្សជិះច្រេីនពេញលេីនោះ៕