ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ ការបើកសាលាឲ្យសិស្សចូលរៀនឡើងវិញ ឆ្លុះបញ្ជាំងពីការខិតខំពីការចូលរួមរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់

image

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី សមាជិកវ័យក្មេងសភាមណ្ឌលកំពង់ស្ពឺនៅព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះ បានចុះទៅវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ដើម្បីសួរសុខទុក្ខ លើក ទឹកចិត្ត និងស្វែងយល់ពីស្ថានភាពនៃការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ឡើងវិញក្នុងក្របខណ្ឌខេត្ត កណ្តាល ។ បើទោះពេលនេះ យើងមិនទាន់អាចបើក សាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ក្នុងទ្រង់ទ្រាយធម្មតា នេះជាជំហ៊ានដ៏វិជ្ជ មានមួយ ឆ្ពោះទៅការបើកសាលាគ្រប់កម្រិតក្នុងទ្រង់ទ្រាយធំ តាមបែបប្រក្រតីថ្មីនាពេលខាងមុខនេះ។ 

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖លទ្ធ ភាពរបស់កម្ពុជា ក្នុងការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់នៅពេលនេះ ឆ្លុះបញ្ជាំងពីការអនុវត្តនូវគោលនយោបាយដ៍ត្រឹមត្រូវ និងជោគជ័យរបស់រាជ រដ្ឋាភិបាល ក្នុងការគ្រប់គ្រងនូវការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវវិធានការបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព មានជាអាទិ៍ យុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីជួរមុខ គ្រូបង្រៀន សិស្ស និងប្រជាពលរដ្ឋទូទៅនាពេលកន្លងមក។ ការបើកសាលាឲ្យសិស្សបានចូលរៀនដោយផ្ទាល់នៅពេលនេះ ក៏ជាការឆ្លុះបញ្ជាំងឲ្យឃើញពីការ ចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ស្ថាប័នពាក់ពាក់ព័ន្ធ ដែលក្នុងនោះរួមមានក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ ក៏ដូចជាការចូលរួមគោរព និងអនុវត្តនូវវិធានការការពារយ៉ាងហ្មត់ចត់ពី សំណាក់អាណាព្យាបាលសិស្ស សិស្សផ្ទាល់ និងប្រជាពលរដ្ឋទូទៅ។ 

ជាមួយនឹងភាពជោគជ័យនេះដែរលោក សូមបន្តអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ គណៈគ្រប់គ្រងសាលា មាតា បិតា អាណាព្យាបាលសិស្ស និងសិស្សផ្ទាល់ បន្តចូលរួមគោរពនូវគោលការណ៏ ០៣ការពារ ០៣កុំ ឆ្ពោះទៅការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ឡើងវិញក្នុងទ្រង់ទ្រាយធំ និងដោយសុវត្ថិភាពនាពេលខាងមុខនេះ៕

ដោយ៖ វង សុភ័ក្ត្រ