ព័ត៌មានជាតិ

ឃ្លាំងពាណិជ្ជកម្ម ៣អគារក្នុងខេត្តកំពង់ចាមត្រៀមធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩   

image

អត្ថបទ៖ ហ៊ាង ថាច 

កំពង់ចាម៖ ឃ្លាំងពាណិជ្ជកម្មមួយកន្លែងដែលមានអគារធំៗចំនួន៣ស្ថិតនៅភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមទាំងមន្ត្រីពាក់ព័ន្ធគ្រោងនឹងប្រែក្លាយទៅជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ឲ្យរួចមុនថ្ងៃទី ២០កញ្ញាឆ្នាំ២០២១ខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងមមាញឹករៀបចំ តបណ្តាញភ្លើង ប្រព័ន្ធទឹក បង្គន់អនាម័យ ប្រព័ន្ធបង្ហូរទឹក បន្ទប់ពេទ្យ និងបន្ទប់ព្យាបាល ជាដើម។

នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលអគារពាណិជ្ជកម្មក្នុងឃុំក្រឡា ស្រុកកំពង់សៀមនាថ្ងៃទី១៥ខែកញ្ញានេះដែរលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់ ក្រុមការងារធ្វើយ៉ាងពន្លឿនការងារនេះឲ្យរួចមុនថ្ងៃទី២០ខែកញ្ញានេះ ដើម្បីបញ្ជូនអ្នកដែល កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ មកធ្វើការពិនិត្យ ព្យាបាលនៅទីនេះវិញ ហើយវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម ត្រូវប្រគល់ឲ្យទៅសាលា ដើម្បីបើកដំណើរការសិក្សាឡើងវិញ នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ។

 សូមបញ្ជាក់ថា ឃ្លាំងពាណិជ្ជកម្មខាងលើនេះមានចំនួន ០៣អគារ ដោយក្នុងមួយអគារ អាចដាក់អ្នកជំងឺកូវីដ-១៩ បានចំនួន២៥០នាក់សរុបទាំង០៣អគារ អាចដាក់អ្នកជំងឺកូវីដ-១៩ បានចំនួនសរុប៧៥០នាក់៕