សង្គម

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាព និងបើកការដ្ឋានស្ថាបនាស្ថានីយអាងទឹកកខ្វក់ទី៣ ដើម្បីរក្សាបរិស្ថានឆ្នេរ

image


អត្ថបទ៖ ប៉ៃ សុឃីម

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២១ នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធរួមជាមួយនឹងវិស័យឯកជនម្ចាស់ផ្ទះសំណាក់សណ្ឋាគារចូលរួមពិនិត្យមើល វឌ្ឍនភាពរបស់ខេត្តព្រះសីហនុជាពិសេសអំពីបញ្ហាបរិស្ថាន។

លោក គួច ចំរើន លើកឡើងថា ដោយរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាក្នុងការស្ថាបនា ស្ថានីយអាងចម្រោះទឹកកខ្វក់ចំនួន៣ ទីតាំង ក្នុងនោះពីរទីតាំងបានស្ថាបនារួចរាល់ និងកំពុងដាក់ឲ្យដំណើរការ ដែលមានសមត្ថភាព បំប្លែងទឹក កខ្វក់ទៅ ជាទឹកស្អាត មុននឹងបង្ហូរចូលទៅសមុទ្របាន ដែលមានសមត្ថភាពជាង ៧ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ ហើយនៅថ្ងៃទី ១៧ ខែកញ្ញាខាងមុខនេះនឹងសម្ពោធបើកការដ្ឋានស្ថាបនាស្ថានីយអាងទឹកកខ្វក់ទីបីដែលមានសមត្ថភាព បំប្លែងទឹកកខ្វក់ បានជាង ២ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តក៏បា នជំរុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋជាពិសេសវិស័យឯកជនម្ចាស់អាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ និងវិស័យផ្សេងៗទៀតត្រូវមានអាងចម្រោះទឹកកខ្វក់ទាំងអស់ មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ ដើម្បីសោភណភាពបរិស្ថាននៅក្នុងក្រុងព្រះសីហនុ កាន់តែមានសោភណភាពនិងស័ក្ដិសមទៅជាទីក្រុងស៊ីវីល័យហើយនិងមានបរិស្ថានល្អស្អាត៕