សង្គម

អាជ្ញាធរខណ្ឌចំការមន ប្រាប់ឱ្យសិស្សានុសិស្ស បង្ហាញកាតចាក់វ៉ាក់សាំង មុនចូលសាលារៀន និងអនុវត្តវិធានសុខភិបាល

image



ភ្នំពេញ៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានលើកឡើងថា ក្នុងពេលដែលរាជធានីភ្នំពេញ បើកដំណើរការសាលារៀនឡើងវិញនេះ តម្រូវឱ្យអ្នកទាំងនោះ ចាក់វ៉ាក់សាំងរួចរាល់ ហើយនៅមុនពេលចូលដល់ក្នុងបរិវេណសាលា ត្រូវតែបង្ហាញនូវប័ណ្ណចាក់វ៉ាក់សាំង ឬក៏លិខិតដែលបានចាក់វ៉ាក់សាំងរួច ទើបអនុញ្ញាតឱ្យចូល។ ចំពោះនៅក្នុងថ្នាក់រៀននីមួយៗ កំណត់ឱ្យមានសិស្សចូលរៀនត្រឹមតែ ១៥នាក់ ប៉ុណ្ណោះ និងបានអនុវត្តនូវវិធានសុខាភិបាលយ៉ាងត្រឹមត្រូវផងដែរ។

លោក ថេង សុថុល បានលើកឡើងដូចនេះ ខណៈដឹកនាំមន្ត្រីខណ្ឌ-សង្កាត់ ចុះពិនិត្យការដំណើរការសាលារៀនឡើងវិញនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ក៏បានក្រើនរំលឹកដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ ឱ្យបន្តអនុវត្តនូវវិធានការសុខាភិបាល ជាពិសេស វិធានការ ៣កុំនឹង ៣ការពារ ដើម្បីបញ្ចៀសបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ទាំងអស់គ្នា។

សូមរំលឹកថា យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ជូនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និងសាធារណៈជនទាំងអស់ថា គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា