សង្គម

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅតែមានជំនឿថា កម្ពុជានៅតែមានជំហររក្សាកិច្ចសហប្រតិបត្តិការល្អ ជាមួយសហរដ្ឋអាមេរិកនៅថ្ងៃអនាគត

image


ភ្នំពេញ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទគឺ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើថា ទៅថ្ងៃអនាគតសហរដ្ឋអាមេរិកនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយកម្ពុជានៅតែចាត់ទុកសហរដ្ឋអាមេរិកជាមិត្តល្អរបស់កម្ពុជា។ ការលើកឡើងដូចនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានតាំងពីឆ្នាំ១៩៥០ ហើយមកដល់បច្ចុប្បន្ន កម្ពុជានៅតែមានជំហររក្សាកិច្ចសហប្រតិបត្តិការល្អជាមួយសហរដ្ឋអាមេរិក នាថ្ងៃអនាគត។ ក្រៅពីនេះ ក៏បានអរគុណដល់សហរដ្ឋអាមេរិក ដែលថ្មីៗនេះបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់វ៉ាក់សាំងចំនួន ១លាន៦សែនដូស រួមទាំងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត។ សហរដ្ឋអាមេរិកនៅបានផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដូចជា ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្សជាដើម។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើងផងដែរអំពី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាពេលកន្លងមក ក្នុងការស្រាវជ្រាវរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការបង្ក្រាបអំពើភេរវកម្ម ការជួញដូរមនុស្ស ក៏ដូចជាការហ្វឹកហ្វឺនឆ្មាំអង្គរ និងការកសាងកម្លាំងរបស់កងយោធពលខេមរភូមិន្ទ ដែលត្រូវទៅបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិ និងលំហរសមុទ្រ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក Thang Jacky Ly បានប្រាប់ទៅនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ពីគោលបំណងនៃការមកបំពេញបេសកកម្មការទូតនៅកម្ពុជា ទី១ ធ្វើការសិក្សាស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់របស់ប្រទេសកម្ពុជា និងទី២ ធ្វើការយ៉ាងជិតស្និតជាមួយថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ៕

ដោយ៖ មួង សុវណ្ណារិទ្ធ