ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តរតនគិរី បញ្ជូនគ្រឿងចក្រ​ថែទាំផ្លូវលេខ៧៨ចាស់ ​ប្រវែងជិត​២០គីឡូម៉ែត្រ

image

អត្ថបទ៖ ប៉េស សារី

រតនគិរី៖  លោកសាយសាមានប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១ ឲ្យដឹងថា​បច្ចុប្បន្នផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការ​និងដឹកជញ្ជូនខេត្ត​ខាងមន្ទីរបានចាត់ចែងការថែទាំជាប្រចាំ​ដើម្បីបម្រើសេវាសាធារណៈ​និងសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឲ្យបានល្អ។

លោកប្រធានមន្ទីរបានបន្តថានៅក្នុងឆ្នាំ ២០២១ នេះមន្ទីរបានថែទាំទៅលើផ្លូវជាតិនិងផ្លូវខេត្តមានចំនួន៥ខ្សែប្រវែង( ២២០គីឡូម៉ែត្រ)ជាប្រចាំ។ហើយផ្លូវល្បាយថ្មភ្នំ៣ខ្សែមានប្រវែង៧២,៦១គីឡូម៉ែត្រ។

លោកលឹមវិចិត្រអនុប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីបានឲ្យដឹងនៅការដ្ឋានកំពុងកែសម្រួលមួយខ្សែស្ថិតក្នុងភូមិ ៣ ឃុំត្រពាំងក្រហមស្រុកកូនមុំខេត្តរតនគិរីនៅថ្ងៃទី ៩ខែកញ្ញានេះថាផ្លូវដែលកំពុងកែសម្រួលនេះគឺមានប្រវែង ១៩គីឡូម៉ែត្រហើយជារល្បាយថ្មភ្នំ ដែលជាផ្លូវលេខ ៧៨ ចាស់តភ្ជាប់ពីកែងវិទ្យាល័យហ៊ុនសែនត្រពាំងក្រហមដល់ភូមិក្របីជ្រុំព្រំប្រទល់ខេត្តស្ទឹងត្រែង។

ជាមួយនឹងសកម្មភាពក្រុមការងារថែទាំផ្លូវរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខាងលើនេះដែរបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានសម្តែងការត្រេកអរយ៉ាងខ្លាំងនិងថ្លែងអំណរគុណលោកថង សាវុនអភិបាលខេត្តរតនគិរីនិងលោកសាយ សាមានប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដែលលោកតែងតែជួយដោះស្រាយបញ្ហាផ្សេងៗពេលដែលពួកគាត់ជួបការលំបាក។

ក្រុមប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវនោះបានលើកឡើងពីសារៈសំខាន់ផ្លូវដែលបានកៀរសម្រួលរួចគឺផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផល,ការធ្វើដំណើរទៅទីរួមស្រុកកូនមុំ,ទៅសាលារៀន,ធ្វើដំណើរទៅក្រុងបានលុង,ទៅមន្ទីរពេទ្យផងដែរ៕