នៅដើមខែកញ្ញានេះ ធនាគារជាតិនៃកម្ពុជា លក់ចេញប្រាក់ដុល្លារអាមេរិកចំនួន ៧០លានដុល្លារ ដើម្បីអន្តរាគមន៍លើទីផ្សារប្តូរប្រាក់
ភ្នំពេញ៖ នៅដើមខែកញ្ញានេះ ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ផ្អែកតាមមូលដ្ឋាននៃការប្រែប្រួលសេដ្ឋកិច្ច ដោយប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកសរុបចំនួន ៧០លានដុល្លារអាមេរិក។
ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ៦ខែកញ្ញា បានដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ២០លានដុល្លារអាមេរិក និងនៅថ្ងៃទី ៨ខែកញ្ញានេះ បានដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ២០លានដុល្លារអាមេរិក ខណៈនៅថ្ងៃទី ១០ខែកញ្ញា នឹងប្រកាសដាក់ដេញថ្លៃចំនួន ៣០លានដុល្លារអាមេរិកបន្ថែមទៀត។
ទោះជាយ៉ាងណា ការដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកនេះ គឺជាគោលនយោបាយគ្រប់គ្រងទីផ្សារប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា ដែលតែងតែធ្វើបែបនេះ ក្នុងគ្រាដែលតម្លៃប្រាក់រៀលធ្លាក់ចុះ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ក្នុងគោលបំណងរក្សាស្ថិរភាពទីផ្សារប្តូរប្រាក់ រក្សាលំនឹងកម្រិតអត្រាអតិផរណានៅក្នុងស្រុក និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្របពេល កម្ពុជា ក៏ដូចជា ពិភពលោកកំពុងប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ១៩។
ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ជាពិសេសគិតចាប់តាំងពីខែសីហាមក តម្លៃប្រាក់រៀល ហាក់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀបជាមួយនឹងប្រាក់ដុល្លារអាមេរិក។ ទោះជាយ៉ាងនេះក្តី បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍ តម្លៃប្រាក់រៀលនៅថ្ងៃនេះចាប់ផ្តើមងើបឡើងបន្តិចវិញ ដែលក្នុងតម្លៃ ៤.០៧៩រៀល ក្នុងមួយដុល្លារអាមេរិក បើធៀបកាលពីម្សិលមិញ មានតម្លៃ ៤.០៨០រៀល ក្នុងមួយដុល្លារអាមេរិក។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។
ការធ្លាក់ចុះនៃតម្លៃប្រាក់រៀល អាចបណ្តាលមកពីការថយចុះនៃលំហូរចូលប្រាក់ដុល្លារអាមេរិកពីភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគផ្ទាល់ពីបរទេស ការថយចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធ និងកំណើនចំណាយរបស់រាជរដ្ឋាភិបាល។ ជាការកត់សម្គាល់ចំណុចមួយទៀត ជាទូទៅតម្លៃប្រាក់រៀលតែងធ្លាក់ថ្លៃ នៅអំឡុងរដូវវស្សា បើធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយហេតុផលថា ការលក់ដូរកសិផលរបស់ប្រជាកសិករពុំសូវមានសកម្មភាពផុសផុលដូចរដូវប្រមូលផលនាខែប្រាំងនោះឡើយ។
ម៉្យាងវិញទៀត ចាប់តាំងពីពិភពលោកបានធ្លាក់ចូលក្នុងវិបត្តិជំងឺកូវីដ១៩ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ ប្រាក់ដុល្លារអាមេរិក នៅតែរក្សាបានតម្លៃថ្លៃ និងរឹងមាំនៅលើទីផ្សារបើធៀបជាមួយរូបិយប័ណ្ណផ្សេងៗ ក្នុងនោះរួមបញ្ចូលទាំងរូបិយប័ណ្ណប្រាក់រៀលរបស់កម្ពុជាផងដែរ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ចេញគោលនយោបាយពង្រឹងតម្លៃរូបិយប័ណ្ណរបស់ខ្លួន នៅលើទីផ្សារ បន្ទាប់ពីប្រទេសមានសេដ្ឋកិច្ចធំជាងគេមួយនេះ បានចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ជាប្រវត្តិសាស្ត្រប្រមាណ ៣,៣ទ្រីលានដុល្លារអាមេរិក ដើម្បីសង្គ្រោះសេដ្ឋកិច្ច និងសង្គម ពីវិបត្តិជំងឺកូវីដ១៩ បើគិតរហូតមកទល់នឹងពេលនេះ។
សូមជម្រាបថា នៅឆមាសទី ១ឆ្នាំ ២០២១នេះ ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ផ្អែកតាមមូលដ្ឋាននៃការប្រែប្រួលសេដ្ឋកិច្ច បានលក់ប្រាក់ដុល្លារអាមេរិកសុទ្ធមានចំនួន ៤៨,៥លានដុល្លារអាមេរិក ក្នុងនោះការលក់សុទ្ធពីគ្រឹះ ស្ថានធនាគារ និងអាជីករប្តូរប្រាក់ចំនួន ៧៥,២លានដុល្លារអាមេរិក៕



