ព័ត៌មានជាតិ

ស្ថានីយថ្លឹងរថយន្តលើកដំបូងនៅខេត្តកែប នឹងចាប់ផ្តើមដាក់ឲ្យដំណើរការនៅដើមឆ្នាំ ២០២២

image

អត្ថបទ៖ ង៉ុង សាន់

កែប៖ ការដ្ឋានស្ថានីយថ្លឹងរថយន្តអចល័តដំណាក់ចង្អើរ ស្ថិតនៅលើផ្លូវជាតិ លេខ ៣៣ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាស្ថានីយថ្លឹងរថយន្តទី១ របស់ខេត្តកែប កំពុងពន្លឿនការសាងសង់ ដើម្បីងាយស្រួលក្នុងការតម្រង់ទិសរថយន្តដឹកលើសទម្ងន់ដែលច្បាប់បានកំណត់។

ខេត្តកែបត្រូវរំពឹងថា នឹងមានសកម្មភាពដឹកជញ្ជូនទំនិញកាន់តែមមាញឹក នៅពេលកំពង់ផែដឹកជញ្ជូនទំនិញសេះស និងកំពង់ផែដឹកជញ្ជូនទំនិញខេត្តកំពត បញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការជាផ្លូវការនាពេលខាងមុខ។ 

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងនៅក្នុងដំណើរចុះពិនិត្យការរដ្ឋានសាងសង់ស្ថានីយថ្លឹងរថយន្តនាល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ថា កែបជាខេត្តមួយដែលមានផ្លូវជាតិតភ្ជាប់ពីខេត្តមួយចំនួន ដូចជា កោះកុង ព្រះសីហនុ តាកែវ កំពត ដែលជាផ្លូវដឹកជញ្ជូនដ៏មានសារ:សំខាន់បំផុត ក្នុងការដឹកជញ្ជូនទំនិញ និងដោះដូរទំនិញ ទៅកាន់បណ្ដា ច្រកទ្វាអន្តរជាតិ ដូចជា ច្រកទ្វាព្រែកចាកនៃខេត្តកំពត, ច្រកទ្វារអន្តរជាតិចាំយាម ខេត្តកុងកោះ និងកំពង់ផែអន្តរជាតិទឹកជ្រៅ ខេត្ត ព្រះសីហនុជាដើម។ ដូច្នេះការសាសង់ស្ថានីយថ្លឹងរថយន្តនេះ គឺដើម្បីថែរក្សាផ្លូវជាតិលេខ ៣៣ ឲ្យបានយូរអង្វែង ស្របពេលផ្លូវជាតិមួយខ្សែនេះ គ្រោងនឹងពង្រីកបន្ថែមទៀត ដើម្បីឲ្យតាមបទដ្ឋានស្តង់ដារ និងបង្កភាពធំទូលាយ។ 

លោកបញ្ជាក់ថា ផ្លូវជាតិលេខ ៣៣នេះ គឺជាច្រកផ្លូវដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញ និងដោះដូរទំនិញផ្សេងៗ ទៅកាន់បណ្តារោងចក្រ និងតម្រូវការដឹកជញ្ជូនធន់ធ្ងន់ផ្សេងៗទៀត ដូចនេះការសាងសង់ស្ថានីយថ្លឹងរថយន្ត តាមបណ្តោយផ្លូវនេះជារឿងសំខាន់ ដោយអាចការពារផ្លូវមួយខ្សែរនេះផង និងកៀងគរចំណូលបន្ថែមចូលខេត្តផងដែរ។ 

លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានបញ្ជាក់ថា ស្ថានីយថ្លឹងរថយន្តដែលកំពុងដំណើរការសាងសង់នេះ ជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយស្ថានីយនេះគ្រោងនឹងបញ្ចប់ការសាងសង់នាចុងឆ្នាំ ២០២១នេះ ដែលនឹងបើកដំណើរការរបស់ខ្លួន នាដើមឆ្នាំ ២០២២៕