ព័ត៌មានជាតិ

មន្ទីរសាធារណការ សម្រេចបិទចរាចរណ៍សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ ចាប់ពីរង្វង់​មូលតាខ្មៅ ដល់ផ្លូវ២១បេ នៅក្រុងតាខ្មៅ ដោយសារជំនន់ទឹកភ្លៀង

image

កណ្ដាល៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្តីពីការបិទចរាចររថយន្តដីកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវលេខ២០១, ២០៩, ១០៨, ១០៩, ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាលខ២១បេ (១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៧ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមអនុសាសន៍របស់អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាលបានឱ្យដឹងថា ស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់លិចផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ និងដើម្បីចៀសវាងការខូចខាតដល់ផ្លូវថ្នល់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់។ ដោយឡែកចំពោះរថយន្តគ្រួសារ ទេសចរណ៍) អាចធ្វើចរាចរណ៍បានជាធម្មតា៕