ព័ត៌មានជាតិ

ក្រោយជំនន់ទឹកភ្លៀងលិចកំណាត់ផ្លូវជាតិលេខ៤ មន្ទីរជំនាញខេត្តកំពង់ស្ពឺ ដាក់គ្រឿងចក្រទៅជួសជុលបន្ទាន់

image

កំពង់ស្ពឺ៖ ជំនន់ទឹកភ្លៀង បានជនលិចកំណាត់ផ្លូវជាតិលេខ៤ នៅចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ រយៈពេល៣ថ្ងៃជាប់ៗគ្នា ដោយបានបន្សល់​ទុកនូវជង្ហុកតូចធំ ក្រោយពីជំនន់ទឹកភ្លៀងបានស្រកទៅវិញ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ចេញគ្រឿងចក្ររបស់ខ្លួនភ្លាមៗ ដើម្បីធ្វើការជួសជុល​ចំណុចរងគ្រោះ និងសម្រួលដល់ការធ្វើដំណើរ។

លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានប្រាប់អ្នកយកព័ត៌មានCNCនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ថា មន្ទីរបានដាក់គ្រឿងចក្រកាយបិទនៅតាមខ្នងប្រឡាយមួយចំនួនដែលបានបាក់ធ្លាយ និងស្តារមុខទឹកតាមប្រឡាយធនធានទឹក ហើយបានធ្វើឱ្យទឹកស្រកមួយផ្នែកធំ លែងហូរមកផ្តុំគ្នាបង្កការជនលិចផ្លូវជាតិលេខ៤បន្ថែមទៀតហើយ។ ម្យ៉ាងវិញទៀត ទឹកប្រឡាយក៏ស្រកអស់លឿនធ្វើឱ្យទឹកដែលស្ថិតលើផ្លូវជាតិលេខ៤នៅចំណុចខាងលើបានស្រកអស់ពីផ្លូវ តែបានបន្សល់ទុកនូវជង្ហុកតូចធំដែលទឹកបានហូរផ្តាច់។ ដើម្បីបង្កការងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវនេះជំហានដំបូង មន្ទីរជំនាញត្រូវជួសជុលជង្ហុកជាមុនសិន បន្ទាប់មកកាយរកលូកាត់ទទឹងផ្លូវដែលបានបិទតាំងពីយូរមកហើយ និងបន្តកាយបើកមុខទឹកឱ្យធំជាងមុន។

លោក ស៊ូ ស៊ុន្ធរ៉ា បានរំពឹងថា បច្ចុប្បន្នទឹកភ្លៀងលែងបង្កការជនលិចរំខានដល់ការធ្វើដំណើរទៀតហើយ នៅពេលដែលមន្ទីរជំនាញរកឃើញ និងកាយបើកមុខប្រព័ន្ធលូបង្ហូរកាត់ទទឹងផ្លូវបានរួចរាល់ ហើយពិសេសពេលដែលប្រឡាយបង្ហូរបើកបានធំជាងមុន។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ ជាខេត្តមានការអភិវឌ្ឍខ្លាំងលើវិស័យរោងចក្រ សហគ្រាស និងអចលនទ្រព្យ។ ដូច្នេះបឹងបួរជាច្រើនដែលស្ថិតនៅអមសងខាងផ្លូវ ត្រូវបានចាក់បំពេញដើម្បីសាងសង់ ធ្វើឱ្យទឹកគ្មានកន្លែងស្តុកដូចមុន ហើយផ្លូវទឹកជាច្រើនក៏ត្រូវចាក់លុប ធ្វើឱ្យទឹកគ្មានកន្លែងហូរទៅ ផងដែរ។ សំណង់នៅអមផ្លូវមួយចំនួនក៏បានចាក់ដីខ្ពស់ជាងផ្លូវ និងគ្មានប្រព័ន្ធលូបង្ហូររំដោះទឹក ទើបធ្វើឱ្យផ្លូវក្លាយជាទីទំនាបសម្រាប់ទឹកហូរលើដែលងាយរងការខូចខាតផងដែរ។ 

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរឱ្យពន្លឿនដោះស្រាយបញ្ហានេះផង ព្រោះនេះជារដូវវស្សា ភ្លៀង និងបន្តធ្លាក់ជារៀងរាល់ថ្ងៃ ហើយជំនន់នឹងអាចកើតឡើងជាថ្មី ប្រសិនការដោះស្រាយបញ្ហានេះមិនទាន់ទេនោះ៕

អត្ថបទ៖ ប៊ុត សារុន