ព័ត៌មានជាតិ

កំពង់ផែថ្មីមួយទៀត នៅលើកោះទន្សាយ នឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ គ្រោងចាយទុន ១,៦លានដុល្លារ

image

អត្ថបទ៖ ង៉ុង សាន់

កែប៖ ក្រៅពីគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដែលមានទីតាំងជាប់ផែចាស់ ចំណាយជិត ៥ពាន់លានរៀល តាមរយៈកាអនុវត្តគម្រោងដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន កំពុងដំណើរការសាងសង់ ដែលគិតមកទល់នឹងពេលនេះ សម្រេចបានប្រ មាណជិត ៨០%ហើយ និងគ្រោងបញ្ចប់ក្នុងអំឡុង ៣ខែខាងមុខក្នុងឆ្នាំ២០២១នេះ។ ក្រៅពីនេះ គម្រោងសាងសង់កំពង់ផែថ្មីមួយទៀត ក៏គ្រោងនឹងបើកដំណើរការសាងសង់ នាចុងឆ្នាំ២០២១នេះដែរ  ដែលមានទីតាំងស្ថិតនៅកោះទន្សាយតែម្តង។ 

លោក វ៉ៅ សុខា អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកែប បានឲ្យដឹងនៅថ្ងៃនេះថាគម្រោងស្ថាបនាកំពង់ផែថ្មីនេះ ស្ថិតក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅកំឡុងខែតុលា ឆ្នាំ២០២១ ដោយគម្រោងនេះ ចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

លោកបានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំកាលពីពេលកន្លងមក យើងសម្រេចជោគជ័យលើការឯកភាពគ្នា ក្នុងការសាងសង់កំពង់ផែលើកោះទន្សាយ និងផ្លូវបេតុង នៅជុំវិញកោះនោះ ដោយពេលនេះគម្រោងបានសម្រេចការដាក់ឲ្យដេញថ្លៃរួចរាល់ហើយដែរ រង់ចាំតែការចុះកិច្ចសន្យាដំណើរការសាងសង់តែប៉ុណ្ណោះ។ 

លោកបន្ថែមថា ខេត្តកែបទទួលបានគម្រោងធំៗចំនួន៤ ក្រោមកម្ចីរបស់ ADB ដែលក្នុងនោះមានអាងប្រព្រឹត្តិកម្ម ទីលានចាក់សំរាមស្តង់ដារ ដែលគម្រោងទាំង ២នេះ បានសាងសង់ និងកំពុងដំណើរការសាងសង់ជិតរួចរាល់ ក្រៅពីនោះ គម្រោងធំៗ ២ទៀត ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ នៅបំណាច់ចុងឆ្នាំ ២០២១នេះ គឺគម្រោងផ្លូវប្របមាត់សមុទ្រមានប្រវែងជាង ១០គ.ម  និងគម្រោងសាងសង់កំពង់ផែទេសចរណ៍ នៅលើកោះទន្សាយនេះ ដោយគម្រោងទាំង ៤នេះ ចាយលុយប្រមាណ ៣០លានដុល្លារ។ 

អភិបាលខេត្តកែប ធ្លាប់លើកឡើងពាក់ព័ន្ធនឹងការសាងសង់កំពុងផែកោះទន្សាយថា ជាការពង្រីកសក្តានុពល វិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរ សម្រាប់ថ្ងៃអនាគត៕