ព័ត៌មានជាតិ

អ្នកដឹកលើសទម្ងន់ ត្រៀមខ្លួន! ថ្ងៃទី៦ ខែកញ្ញា ក្រសួងសាធារណការ នឹងធ្វើការផាកពិន័យដោយមិនរើសមុខ ចំពោះម្ចាស់យានយន្តណា ដែលដឹកទំនិញលើសទម្ងន់

image

បាត់ដំបង៖ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឲ្យស្ថិតស្ថេររឹងមាំគង់វង្ស និងជាប់ធុនតាមអាយុកាលបច្ចេកទេសសាងសង់នោះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានសម្រេចបង្កើតស្ថានីយជញ្ចីងអចល័តបណ្តោះអាសន្ន ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ១កន្លែង មានឈ្មោះថា ស្ថានីយពុកឆ្មារ ខេត្តបាត់ដំបង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីបើកដំណើរការស្ថានីយថ្លឹងរថយន្តអចល័តបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ និងធ្វើការប្រកាសតែងតាំងក្រុមការងារទទួលខុសត្រូវស្ថានីយពុកឆ្មារ ស្ថិតក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានបញ្ជាក់ថា ស្ថានីយពុកឆ្មារខេត្តបាត់ដំបងនេះ នឹងចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ និងត្រូវអនុវត្តវិធានការផាកពិន័យចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១តទៅ ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តការងារនេះប្រកបដោយតម្លាភាព ជាក់ស្ដែងក្រុមការងារនៃស្ថានីយថ្លឹងយានយន្តនេះ ត្រូវតែមានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់ ត្រូវអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ដោយមិនត្រូវគិតថា ជាសាច់ញាតិ ក្រុមបក្សពួក ឬអ្នកធ្លាប់ស្គាល់ឡើយ ជារួមគឺគ្មានការលើកលែងឡើយដល់អ្នកដែលប្រព្រឹត្តខុសច្បាប់ ដែលបានកំណត់ ។

លោក បានបញ្ជាក់ផងដែរថា ប្រសិទ្ធិភាពនៃការងារនេះ ត្រូវទាមទារឲ្យមានការចូលរួមសហការពីគ្រប់កម្លាំងទាំងអស់ មិនថាកម្លាំងសមត្ថកិច្ច ឬកម្លាំងកងរាជអាវុធហត្ថឡើយ គឺត្រូវតែមានការសហការទាំងអស់គ្នា ទើបការអនុវត្តការងារថ្លឹងរថយន្តនេះមានប្រសិទ្ធិភាព និងតម្លាភាព ៕

ដោយ៖ ឡាច សុគន្ធាវី