ព័ត៌មានជាតិ

គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ខេត្តកោះកុង ក្នុងតម្លៃជាង ៧៨ លានដុល្លារ

image

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ   រូបសន្លឹក

ភ្នំពេញ៖ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូក្នុងខេត្តកោះ
កុង ត្រូវបានចុះហត្ថលេខាសាងសង់លើទឹកប្រាក់ជាង ៧៨ លានដុល្លារ។

​ផ្លូវជាតិលេខ៤៨នេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ក្នុងស្រុកស្រែអំបិល ទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លង ប្រវែង២៥,១គីឡូម៉ែត្រមាន ចំនួន ០៤ គន្លងលើទីតាំងចំនួន៤ ។  ហើយផ្លូវនេះនឹងមានការកែសម្រួលចំណុចផ្លូវប្រសព្វចំនួន០៥
កន្លែង ដែលប្រើរយៈពេលសាងសង់ចំនួន៣២ខែគ្រោង
ចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

លើកឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ នៅក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៣ ខែសីហានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ប្រាក់កម្ចីដើម្បីស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ(EDCF) និងបានសំណូមពរឱ្យក្រុមហ៊ុនសាងសង់អនុវត្ត គម្រោងសាងសង់ផ្លូវនេះប្រកបដោយគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាសាងសង់ និងតាមបទដ្ឋាបច្ចេកទេសជាពិសេសត្រូវតាមដាន និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់ ឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាថាផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង។

​គួរបញ្ជាក់ថា  គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨.៣៩៨.៧៤១ ដុល្លារអាមេរិក ក្នុងនោះតម្លៃគម្រោងសាងសង់ចំនួន ៥៩.១៤៦.៧៤១ ដុល្លារអាមេរិក តម្លៃសិក្សា និងត្រួតពិនិត្យគម្រោងចំនួន៦.០០០.០០០ដុល្លារអាមេរិក ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសាធារណរដ្ឋកូរ៉េ ដោយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣.២៥២.០០០ ដុល្លារអាមេរិកសម្រាប់ការងារដោះស្រាយផលប៉ះពាល់ ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ  ហើយចំពោះការសាងសង់ដោយក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL  Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។

ហើយចំពោះផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន
១២៣ ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងក្រុងដាវ៉េ(Dawai) ប្រទេសមីយ៉ាន់ម៉ា(ភូមា)៕