ព័ត៌មានជាតិ

អាជ្ញាធរក្រុងច្បារមន ព្រមានអ្នកសាងសង់សំណង់រំលោភចំណីផ្លូវ ដែលធ្វើឱ្យប៉ះពាល់​ដល់ការកែលម្អសោភ័ណភាពក្រុង

image

កំពង់ស្ពឺ៖ អាជ្ញាធរក្រុងច្បារមន លោក ហុក ម៉ារ៉ាឌី បានធ្វើការព្រមានធ្ងន់ៗលើអ្នកដែលសាងសង់សំណង់នានារួមទាំងរបងផ្ទះដែលរំលោភយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងប្រើប្រាស់យកជាប្រយោជន៍បុគ្គល ឱ្យរុះរើចេញជាបន្ទាន់ មុនរដ្ឋបាលក្រុងចាត់វិធានការ។ ការលើកឡើងដូចនេះ ធ្វើឡើងនៅពេលដែលលោកដឹកនាំក្រុមការងារចុះជួសជុលកែលម្អផ្លូវខេត្តចំនួន ២ខែ្ស ក្នុងសង្កាត់រការធំ ក្រុងច្បារមន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

លោក ហុក ម៉ារ៉ាឌី បានលើកឡើងថា ថ្មីៗនេះអាជ្ញាធរក្រុង បានធ្វើការជួសជុល និងស្ថាបនាផ្លូវជាច្រើនខ្សែនៅក្នុងក្រុង ដើម្បីកែលំអរសោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី។ ទន្ទឹមការអភិវឌ្ឍក្រុងនេះ មានបុគ្គលមួយចំនួនបានសាងសង់សំណង់ និងរបងរំលោភលើដីចំណីផ្លូវសាធារណៈធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការកែលម្អសោភ័ណភាពក្រុង។

លោក ហុក ម៉ារ៉ាឌី បានសង្កត់ធ្ងន់ថា ដើម្បីសោភ័ណភាពក្រុង និងប្រយោជន៍សាធារណៈ អាជ្ញាធរមិនអត់អោនឱ្យបុគ្គលណាម្នាក់ដែលរំលោភបំពាន ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍រួមឡើយ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ពន្ធ័ទាំងអស់ ត្រូវរុះរើចេញនូវសំណង់ទាំងឡាយណាដែលបានសង់ដោយគ្មានការអនុញ្ញាត និងរំលោភលើដីសាធារណៈរបស់រដ្ឋ មុនដែលរដ្ឋបាលក្រុងចុះអនុវត្ត។

សូមបញ្ជាក់ថា នៅថ្ងៃនេះដែរ អាជ្ញាធរក្រុងច្បារមនបានសម្រេចឈូសកម្ទេចចោលរបងនៅចំណុចដីឡូត៏មួយកន្លែងក្នុងសង្កាត់រការធំ ដែលបានដាក់បង្គោលហ៊ុព័ទ្ធរំលោភយកដីសាធារណៈរបស់រដ្ឋជិត ១០ម៉ែត្រ ក្រោយការជូនដំណឹងជាច្រើនដង ដែលការហ៊ុព័ទ្ធនេះ ធ្វើឱ្យប៉ះពាល់ដល់ការជួសជុលកែលម្អផ្លូវជូនដល់ប្រជាពលរដ្ឋធ្វើដំណើរ៕

ដោយ៖ ប៊ុត សារុន