យានយន្តជាង ២៤ម៉ឺនគ្រឿង ត្រូវបានចុះបញ្ជីនៅឆមាសទី ១ឆ្នាំ ២០២១នេះ

អត្ថបទ៖ សុខ លីដា
ភ្នំពេញ៖ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២១នេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្ឡូវគោក ទទួលបានការចុះបញ្ជីរយានយន្តសរុបចំនួន ២៤៨.៨៥០គ្រឿង ដោយតួលេខនេះ គឺមានការធ្លាក់ចុះប្រ មាណ ៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ នេះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន។
លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានមានប្រសាសន៍ថា ការធ្លាក់ចុះនៃការចុះបញ្ជីយានយន្តនាពេលនេះ បណ្តាលមកពីផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ ពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បាន និងកំពុងបន្តយន្តការមួយចំនួន ដើម្បីជំរុញឲ្យការផ្តល់នូវសេវាសាធារណៈកាន់តែមានប្រសិទ្ឋភាព ដោយក្រ សួងបានពង្រីកនូវមណ្ឌលផ្តល់សេវាសាធារណៈនៅតាមរាជធានី-ខេត្តមួយចំនួន ដូចជានៅក្នុងរាជធានីភ្នំពេញ មាន ៤កន្លែង គឺមាននៅផ្សារទំនើប អ៊ីអន១ អ៊ីអន២ ផ្សារជីបម៉ុង និងមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងដោយផ្ទាល់។ ចំណែកខេត្តសៀមរាប គឺមាន ១កន្លែង។
លោកបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានធ្វើប្រតិភូកម្មមុខងារនេះទៅថ្នាក់ក្រោមជាតិ គឺទៅរាជធានី-ខេត្តក្រុង ដើម្បីឲ្យការផ្តល់នូវសេវាសាធារណៈកាន់តែជិតប្រជាពលរដ្ឋ ដែលបង្កភាពងាយស្រួលដល់ពួកគាត់ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើការចុះបញ្ជីយានយន្តឲ្យបានច្រើន ហើយត្រឹមត្រូវតាមច្បាប់បានកំណត់។
យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបង្ហាញថា បើគិតចាប់ពីឆ្នាំ ១៩៩០ រហូតមកដល់ខែកក្កដា ឆ្នាំ ២០២១នេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកទទួលការចុះបញ្ជីយានយន្តនៅទូទាំងប្រទេសកម្ពុជា គឺបានចំនួនសរុបប្រមាណ ៦.១៣២.២០០យានយន្ត ដោយនៅក្នុងនោះរថយន្តគឺមានចំនួន ៩២០.២០០គ្រឿង និងទោចក្រយានយន្ត គឺមានចំនួន ៥.២១២.០០០គ្រឿង៕
