ព័ត៌មានជាតិ

ពលរដ្ឋដែលប្រឈមនឹងជំងឺគ្រុនចាញ់​-គ្រុនឈាម ជាងមួយពាន់គ្រួសារក្នុងខេត្តចំនួនពីរ ទទួលបានមុងសុវត្ថិភាព និងអាវយឺតពីកាកបាទក្រហមកម្ពុជា

image

ភ្នំពេញ៖នៅថ្ងៃចន្ទ​ ទី ១០ ខខែកញ្ញានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាលនាំយកមុងសុវត្ថិភាពចំនួន​ ៥៥០មុង​ និងអាវយឺត២០កេស​ ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្វាយរៀង​ ព្រមទាំង​ មុងសុវត្ថិភាពចំនួន​ ៥០០មុង​ និងអាវយឺត ២០កេស​ ទៀត​ ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រៃវែង​ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ ដែលប្រឈមនឹងជំងឺគ្រុនចាញ់​-គ្រុនឈាម​ចំនួន​ ១.០៥០គ្រួសារ​ រស់នៅក្នុងបូរណភាពទឹកដីខេត្តរបស់ខ្លួន។

ពិធីប្រគល់-ទទួលអំណោយនេះ​ បានប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្វាយរៀង​ និងទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុកបាភ្នំ​ ខេត្តព្រៃវែង។

ទន្ទឹមនឹងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ បាននាំសារអំពាវនាវរបស់សម្តេចប្រធាន ដែលផ្តាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់​ថែទាំសុខភាពដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច​ និងសម្អាតបរិស្ថាន​ បំបាត់ទឹកដក់សំរាមស្អុយរលួយ បំបាត់ជម្រកសត្វមូស​ ជៀសវាងការកើតជំងឺគ្រុនចាញ់​ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ ចំពោះស្រ្តីមានផ្ទៃពោះ​ ត្រូវត្រៀមខ្លួនរកកន្លែងជិតមណ្ឌលសុខភាព​​ ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ អនុវត្តការណែនាំរបស់គ្រូពេទ្យដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។ សូមគិតគូរពីសុវត្ថិភាពចរាចរណ៍​ ដោយគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ។​ សូមណែនាំកូនក្មួយឱ្យជៀសឆ្ងាយពីគ្រឿងញៀន​ គ្រឿងស្រវឹង​ ល្បែងស៊ីសងគ្រប់ប្រភេទ​ ដែលជាប្រភពនៃអំពើហិង្សា​ ចោរកម្ម។ល។

ជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្វាយរៀង​ និងឯកឧត្តមឧកញ៉ា​ សុខ​ ផេង​ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រៃវែង បានថ្លែងអំណរគុណចំពោះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ​ប្រជាពលរដ្ឋ​ ហើយសាខានឹងចាត់ចែងនាំយកអំណោយទាំងនេះចែកជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា​។

នាថ្ងៃដដែលនោះ​ ក្រុមការងារដឹកនាំដោយ​ លោកជំទាវអគ្គលេខាធិការរងទី​ ១​ បានចុះសួរសុខទុក្ខ​ និងចែកអំណោយដោយផ្ទាល់​ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ ដែលប្រឈមនឹងជំងឺគ្រុនចាញ់​-គ្រុនឈាមចំនួន​ ៩៧គ្រួសារ​ រស់នៅក្រុងស្វាយរៀង​ ខេត្តស្វាយរៀង​ និង​ ៤៨គ្រួសារទៀត​ រស់នៅ​ ស្រុកបាភ្នំ​ ខេត្តព្រៃវែង​។

សូមបញ្ជាក់ថា​ មុងសុវត្ថិភាពជាអំណោយរបស់​ សាខាកាកបាទក្រហមចិន​ ខេត្តក្វាងស៊ី​ ដែលបានផ្តល់ជូនកាកបាទក្រហមកម្ពុជា​ ចំនួន​ ២០.០០០មុង​ កាលពីថ្ងៃទី​ ២២​ ខែសីហា​ ឆ្នាំ២០១៨​ កន្លងទៅ។​ រហូតមកដល់ថ្ងៃនេះ​ ទីស្នាក់ការកណ្តាល​ បានចាត់ចែងផ្តល់មុងចំនួន​ ១២.៣៩៥​ ជូនសាខាបានចំនួន​ ១៨​ រួចហើយ។​ ទីស្នាក់ការកណ្តាល​ នឹងបន្តផ្តល់ជូនសាខាទាំង​ ២៥រាជធានី​ ខេត្ត៕