ព័ត៌មានជាតិ

រោងចក្រកិនជ័រកៅស៊ូ ១កន្លែង កំពុងបង្ហូរទឹកស្អុយ​ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ​ក្នុងឃុំកណ្តោលជ្រុំ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

image

ត្បូងឃ្មុំ៖ រោងចក្រកិនជ័រកៅស៊ូ ១កន្លែង ក្នុងភូមិទួលជ័យ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបង្ហូរទឹកស្អុយធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ការរស់នៅប្រចាំថ្ងៃ​របស់ពលរដ្ឋ។ ពលរដ្ឋ បានចេញមកអំពាវនាវដល់អាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ​ឱ្យជួយអន្តរាគមន៍នៅក្នុងករណីនេះ បើទោះជាអាជ្ញាធរស្រុក ក៏ដូចជាមន្ទីរបរិស្ថាន ធ្លាប់បានចុះធ្វើការណែនាំឱ្យខាងរោងចក្រ អនុវត្តតាមបទដ្ឋានបច្ចេកទេស កុំឱ្យមានក្លិនស្អុយដល់ប្រជាពលរដ្ឋម្តងរួចមកហើយក៏ដោយ។ 

តំណាងប្រជាពលរដ្ឋនៅភូមិទួលជ័យ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា រោងចក្រកិនជ័រកៅស៊ូ១កន្លែងនេះ បានដំណើរការជាយូរមកហើយ ដោយបានបង្ហូរទឹកស្អុយធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង។ បើនៅរដូវវស្សាវិញ ទឹកស្អុយ បានហូរចេញតាមប្រឡាយជុំវិញនោះ បានជះក្លិនស្អុយ មិន ត្រឹមតែប្រជាពលរដ្ឋក្នុងភូមិទួលជ័យ១ប៉ុណ្ណោះទេ មានភូមិជិតៗនោះ ក៏ទទួលរងផលប៉ះពាល់​ពីក្លិនស្អុយដូចពួកគាត់ដែរ។

ពាក់ព័ន្ធករណីនេះ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឱ្យដឹងថា កន្លងមក លោកបានចុះពិនិត្យ និងបានឱ្យរោងចក្រ ត្រូវធ្វើយ៉ាងណារកវិធីបំបាត់ក្លិនស្អុយ និងទប់​ស្កាត់​កុំឱ្យហូរចេញទៅខាងក្រៅ ប៉ះពាល់ដល់អ្នកភូមិបន្តទៀត ហើយខាងរោងចក្រ​ក៏បានសន្យាថា នឹងមិនបង្ហូរទឹកស្អុយធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទៀតនោះទេ។ តែបើនៅតែមានក្លិនស្អុយទៀតនោះ ក្រុមការងារ នឹងចុះទៅពិនិត្យម្តងទៀត។

ជាមួយគ្នានោះ លោក នី សុធី ប្រធានមន្ទីរបរិស្ថាន បានលើកឡើងថា លោក​នឹងចាត់ឱ្យ​មន្ត្រីជំនាញចុះទៅពិនិត្យមើលករណីនេះ ហើយបើពិនិត្យទៅ​ពិតជាបង្ក​ផលប៉ះពាល់ដល់​ប្រជាពលរដ្ឋមែននោះ លោក នឹងហៅខាងរោងចក្រធ្វើការណែនាំ ធ្វើយ៉ាងណាកុំបង្ហូរ​ទឹកស្អុយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋបន្តទៀត។

តែយ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីនេះ ខាងតំណាងរោងចក្រ សុំមិនបញ្ចេញឈ្មោះ បានអះអាងថា បន្ទាប់ពីមានការតវ៉ារបស់ប្រជាពលរដ្ឋ និងការអន្តរាគមន៍​ណែនាំ​ពីខាង​អាជ្ញាធរស្រុក ក៏ដូចជាមន្ទីរជំនាញ ខាងរោងចក្ររបស់លោក បានបាញ់ថ្នាំបំបាត់ក្លិន​ស្អុយ​ជាប្រចាំ និងបានបិទទំនប់មិនឱ្យទឹកហូរចេញក្រៅទៀតនោះទេប៉ុន្មានថ្ងៃចុងក្រោយនេះ។

សូមបញ្ជាក់ថា បើតាមការអះអាងរបស់ប្រជាពលរដ្ឋ ក្រៅពីភូមិទួលជ័យ នៅមាន​ភូមិមួយ​ចំនួនទៀតដែលរងផលប៉ះពាល់ដូចជា ភូមិទួលពោធិ៍ ភូមិប្រធាតុ និងភូមិអណ្តោត ក្នុង​ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ក៏រងផលប៉ះពាល់ដោយសារ​ក្លិនស្អុយនេះផងដែរ៕ 

ដោយ៖ ជឹង សេងឡុង