ព័ត៌មានជាតិ

ផ្លូវកៅស៊ូមួយខ្សែ ឆ្ពោះទៅសណ្ឋាគារសុខា នៅសង្កាត់ជ្រោយចង្វា​បានចាប់ផ្តើមខូចបណ្តើរៗ សូមអាជ្ញាធរពាក់ព័ន្ធ ជួយចុះពិនិត្យមើលផង 

image

អត្ថបទ៖ឃឹម វិសាល 

ភ្នំពេញ៖ ផ្លូវកៅស៊ូមួយខ្សែឆ្ពោះទៅសណ្ឋាគារសុខា នៅសង្កាត់ជ្រោយចង្វា ចាប់ផ្តើមប្រេះខូច ផុសឡើង ដូចជាខ្នងអណ្តើក បន្តិចម្តងៗ ទៅហើយ សូមអាជ្ញាធរខណ្ឌជ្រោយចង្វា និងមន្ទីរសាធារណៈការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះខូចធ្ងន់ធ្ងរបន្ថែមទៀត។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងអ្នករស់នៅស្ថិតនៅតាមបណ្ដាយផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានលើកឡើងថា ផ្លូវមួយខ្សែនេះចាប់ប្រេះខូចជាយូរមកហើយ។

លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វា បានឲ្យដឹងថា បញ្ហាផ្លូវទន្លេសាប ចាប់ផ្តើមខូចប្រេះផុសឡើងដូចខ្នងអណ្តើងនេះជាងមួយឆ្នាំ ហើយជាការទទួលខុសត្រូវជួសជុលរបស់មន្ទីរសារធារណ:ការ និងដឹកជញ្ជូន គឺមិនមែនជាការគ្រប់គ្រងរបស់សង្កាត់របស់លោកទេ។ លោកចៅសង្កាត់បានជូនដំណឹងទៅលោកអភិបាលរងខណ្ឌ និងលោកអភិខណ្ឌជ្រោយចង្វារួចអស់ហើយអំពីកន្លែងផ្លូវខូចនេះ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។ លោកបានបន្ថែមថា បើខាងលោកជួយជួសជុលផ្លូវនេះ គឺវាខុសបច្ចេកទេសព្រោះមិនមែនជាគម្រោងការជួសជុលរបស់សង្កាត់ទេ។

ចំណែកលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានប្រាប់CNC ឲ្យដឹងតាមទូរស័ព្ទថា ពាក់ព័ន្ធបញ្ហាផ្លូវខូចនេះគឺជាគម្រោងជួសជុលរបស់មន្ទីសាធារណ:ការ និងដឹកជញ្ជូន  ចំណែកខាងខណ្ឌគឺមិនមានគម្រោងជួសជុលផ្លូវខូចនេះទេ។ 

លោកមានប្រសាសន៍បន្ថែមថា៖ " ដោយសារមួយរយ:នេះគឺយើងជួបបញ្ហាជំងឺកូវីដ-១៩ អញ្ចឹងខាងសាលាខណ្ឌមិនទាន់បានស្នើធ្វើការជួសជុលផ្លូវទៅខាងមន្ទីរនៅឡើយទេ"។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានត្រង់ៗទៅអភិបាលគ្រប់ខណ្ឌក្រោមឱវាទ គឺតម្រូវឲ្យមានការទទួលខុសត្រូវ ជាពិសេសលើការងារជួសជុល និងថែទាំប្រព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។  បើការងារនេះ ធ្វើមិនបានទេ មានន័យថាអសមត្ថភាព ចឹងគួរដើរចេញតែម្តងទៅ ទុកឲ្យគេមានសមត្ថភាពធ្វើម្តង៕