ព័ត៌មានជាតិ

មេបញ្ជាការយោធភូមិភាគទី៥​ អំពាវនាវដល់ពលករខ្មែរនៅប្រទេសថៃ ឱ្យពន្យារពេលត្រឡប់មកម្ពុជា​ ខណ:កូវីដ-១៩កំពុងផ្ទុះខ្លាំង

image

បន្ទាយមានជ័យ៖ ស្រមតាមសេចក្តីសម្រេចរបស់របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី​ ការបិទខ្ទប់ក្នុងភូមិសាស្ត្រខេត្តចំនួន​ ៨​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ប្រភេទដែលតា (Delta) លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥​ បានចុះត្រួតពិនិត្យរឹតបន្តឹងវិធានការបិទខ្ទប់តាមបណ្ដាច្រកព្រំដែន កម្ពុជា-ថៃ ទិសទី១ខេត្តបន្ទាយមានជ័យ និងបានអំពាវនាវឱ្យពលករពន្យារពេលវិលត្រលប់មកប្រទេសកម្ពុជាសិន។ 

ការអំពាវនាវរបស់លោកឧត្តមសេនីយ៍ សេង ធារិន បានធ្វេីឡេីងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១​ ដោយសារក្នុងដំណាក់កាលនេះ​ អាចបង្កឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ប្រភេទ ដែលតា​ ចូលក្រុមគ្រួសារ​ ហើយពេលនេះប្រទេសកម្ពុជាកំពុងអនុវត្តនូវវិធានការរបស់ប្រមុខរដ្ឋាភិបាល ក្នុងការបិទច្រកព្រំដែនកម្ពុជា-ថៃ មិនឱ្យមានការឆ្លងកាត់ ក្នុងរយៈពេលខ្លី។ 

សូមបញ្ជាក់ថា​ ដើម្បីឆ្លើយតបបានតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាបន្ទាន់នៅយប់ថ្ងៃទី២៨​ ខែកក្កដា ឆ្នាំ២០២១ ដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ភូមិសាស្ត្រខេត្តចំនួន៨​ ដែលត្រូវបានបិទខ្ទប់មាន ខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ដែលក្នុងសេចក្តីសម្រេចនេះ អនុវត្តគិតចាប់ពីម៉ោង​ ២៣:៥៩នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ខែសីហា ឆ្នាំ២០២១៕

ដោយ៖​ ប៊ុន ចាន់ថន