ព័ត៌មានជាតិ

រដ្ឋបាលក្រុងខេមរភូមិន្ទ អំពាវនាវឲ្យមាតា បិតា ឬអាណាព្យាបាល នាំកូន អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃស្អែកនេះ

image

អត្ថបទ៖ តាំង សុន្នី

កោះកុង៖ បន្ទាប់ពីបើកកិច្ចប្រជុំសមាជិកអនុគណៈកម្មការ ទទួលលទ្ធផលវិជ្ជមានរដ្ឋបាលក្រុង-ស្រុកទាំងអស់បានត្រៀមទីតាំងរួចរាល់អស់ហើយ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ នៅគ្រប់គោលដៅតាមមូលដ្ឋានរបស់ខ្លួន។

រដ្ឋបាលក្រុងខេមរភូមិន្ទ នៅថ្ងៃទី៣១ កក្តដា ២០២១ ប្រកាសថា បានត្រៀមរួចរាល់នូវទីតាំង សាខាកាកបាទក្រហមខេត្តកោះកុង មួយទីតាំងយ៉ាងធំទូលាយ ស្ថិតនៅភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ តាមពេលវេលាកំណត់ជាក់លាក់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ សីហា ២០២១ ពីម៉ោង ៩និង០០ នាទី ព្រឹក ដល់០៤ និង០០ នាទីរសៀល ថ្ងៃស្អែកនេះ។

សេចក្តីប្រកាស របស់រដ្ឋបាលក្រុងខេមរភូមិន្ទ បញ្ជាក់ឲ្យដឹងថា ចំពោះកុមារ និងយុវវ័យ ដែលត្រូវចាក់វ៉ាក់សាំង កូវីដ-១៩ សូមភ្ជាប់ទៅជាមួយ នូវឯកសារបញ្ជាក់ អត្តសញ្ញាណមួយក្នុងចំណោមឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗ ដោយតម្រូវឲ្យកុមារអាយុចាប់ពីអាយុ១២ ឆ្នាំ ដល់ក្រោម ១៥ឆ្នាំ សូមភ្ជាប់មកជាមួយនូវសំបុត្រកំណើតឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងលិខិតឆ្លងដែន។ ចំណែកយុវវ័យចាប់ពីអាយុ១៥ ឆ្នាំ ដល់ កក្រោម១៨ ឆ្នាំ សូមភ្ជាប់ទៅជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើតឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងលិខិតឆ្លងដែន។

បន្ថែមលើនេះ មន្ត្រីជំនាញនៃរដ្ឋបាលក្រុងខេមរភូមិន្ទបញ្ជាក់ ឲ្យដឹងបន្ថែមទៀតថា ចំពោះកុមារា កុមារី ឬយុវវជន យុវនារី ក្នុងករណីពុំមានឯកសារដូចបានជម្រាបជូនខាងលើនេះ រដ្ឋបាលក្រុងស្នើឲ្យមាតា បិតា ឬអាណាព្យាបាលរួសរាន់ទៅសាលាសង្កាត់របស់ខ្លួនភ្លាម ដើម្បីស្នើសុំលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានទាន់ពេលវេលា។ ហើយគ្រប់យ៉ាងអាចទំនាក់ទំនងតាមមន្ត្រីជំនាញប្រចាំការ នៅតាមមូលដ្ឋាននីមួយៗ៕