ព័ត៌មានជាតិ

ពលរដ្ឋ ប្រទះឃើញត្រីតុកែ ងាប់អណ្តែតស្អុយជាច្រើនក្បាលនៅឆ្នេរបាក់ខ្លង

image

អត្ថបទ៖ តាំង សុន្នី

កោះកុង៖ ប្រជាពលរដ្ឋ បានប្រទះឃើញត្រីតុកែជាច្រើនក្បាលងាប់អណ្តែតមកទើរលើឆ្នេរបាក់ខ្លង បង្កឲ្យមានខ្លិនស្អុយដល់មនុស្សម្នានៅទីនោះ។

សេចក្តីរាយការណ៍ពីម្ចាស់តូបម្នាក់ ឈ្មោះ កែវ ហុង បានមើលឃើញហេតុការណ៍នេះ បានអះអាងថា ត្រីតុកែងាប់ទាំងនេះ បណ្តាលមកពីម្ចាស់បែឬកាឆាង ចិញ្ចឹមត្រីតុកែ ដងត្រីរបស់គេដែលងាប់រាប់រយក្បាលបោះចូលក្នុងព្រែកបាក់ខ្លង ហើយវាក៏អណ្តែតវិលវុលតាមជំនោរខ្យល់ និងភាគច្រើនបានមកទើរលើឆ្នេរនេះតែម្តង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ ភ្ញៀវទេសចរ និងម្ចាស់តូបលក់ដូរម្ហូបអាហារបម្រើសេវាទេសចរណ៍ នៅទីនោះ ដើររើសយកទៅកប់ចោល។

ប្រភពដដែលនេះឲ្យដឹងទៀតថា ការដែលម្ចាស់បែ ឬកាឆាង ធ្វើបែបនេះ ដោយសារត្រីក្នុងបែ របស់គេងាប់អស់ច្រើនពេក ស្ទើរតែក្ស័យធន់ ខណៈរងការយាយី ដោយគ្រោះធម្មជាតិភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

បើតាបការអះអាងពី ម្ចាស់តូបម្នាក់ ឈ្មោះ កែវ ហុង បានដឹងពីម្ចាស់បែ ប្រាប់គាត់ថា បានជាត្រីតុកកែងាប់ច្រើនបែបនេះ បណ្តាលមកពីទឹកក្នុងព្រែកបាក់ខ្លង លាយឡំដោយទឹកភ្លៀង ប្រែជាសាប ទើបបណ្តាលឲ្យត្រីសមុទ្រប្រភេទនេះងាប់ជាបន្តបន្ទាប់។ ពួកគាត់ស្នើសុំអន្តរាគមន៍ពីមន្ត្រីជំនាញផ្នែកជលផល ជួយរកដំណោះស្រាយឲ្យទាន់ពេលវេលា ខណៈត្រីប្រភេទនេះមានតម្លៃខ្ពស់នៅទីផ្សារចន្លោះពីជាង ១០ទៅ ២០ដុល្លារ ក្នុង១គីឡូក្រាម។

ទាក់ទិននឹងហេតុការណ៍នេះភ្នាក់ងារទូរទស្សន៍ ស៊ី អិន ស៊ី ប្រចាំការនៅខេត្តកោះកុង នៅពុំទាន់ទទួលបានការបំភ្លឺពីមន្ត្រីជំនាញផ្នែកជលផលនៅឡើយទេ ដោយព្យាយាមហៅទូរស័ព្ទទៅលោក សេង ប៊ុណ្ណា នាយរងខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងដែរ តែចូលហើយបែរជាគ្មានអ្នកទទួល៕