ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ កំណត់ «ភូមិស្ពានគ្រង»  ជាតំបន់ក្រហម ខណៈមានអ្នកឆ្លងកូវីដ ៣០នាក់ ​ក្រោយចូលរួមពិធីបុណ្យសព 

image

អត្ថបទ៖កែម ចិន្តា

កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងប្រាប់ CNC នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ថា អាជ្ញាធរបានដាក់ «ភូមិស្ពានគ្រង» ជាតំបន់ក្រហម ស្ថិតក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយពេលបានរកឃើញ​ប្រជាពលរដ្ឋ​ចំនួន ៣០នាក់ មានវិជ្ជាមានកូវីដ-១៩។

លោក សុខ លូ មានប្រសាសន៍ថា «​ភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ គឺរដ្ឋបាលខេត្តកំពង់ធំយើងបានដាក់ជា តំបន់ក្រហម  និយាយរួមទៅគឺយើងបិទភូមិនេះ ដើម្បីប្រមូលសំណាករបស់បងប្អូនប្រជាពរដ្ឋដែលប៉ះផ្ទាល់ និងប្រយោល ដោយសារតែមានបងប្អូនមិនប្រុងប្រយ័ត្ន ធ្វើឲ្យរីករាលដាលនៃជំងឺកូវីដ-១៩ចូលសមគមន៍»។ 

លោកអភិបាលខេត្តបន្តថា តាមការសណ្ឋានដោយសារតែ កាលពីមួយសប្តាហ៍មុននោះមាន​ប្រជាពលរដ្ឋ បានចូលរួមពិធីបុណ្យសព ហើយបុណ្យសព គឺមិនអាចចោទលើមេឃុំចំណារក្រោមបានទេ ដែលបានប្រឆាំងនឹងបម្រាម ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តនោះទេ ដោយសារសាកសពនោះគឺគ្រូពេទ្យជំនាញ បានធ្វើតេស្តលើសាកសពម្តាយមីងរបស់លោកមេឃុំ ដែលជាលទ្ធផលអវិជ្ជមានកូវីដ-១៩។

លោកអភិបាលខេត្តបន្ថែមថា «ពេលនេះយើងមិនត្រូវ បន្ទោសគ្នាទេ ធ្វើយ៉ាងម៉េចខិតខំ ត្រូវស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋផ្សេងទៀត បើមានការពាក់ព័ន្ធទាំងអស់ អ្នកប្រយោល គឺសូមឲ្យនៅផ្ទះធ្វើចត្តាឡីស័ក ចំណែកអ្នកដែលបានប៉ះពាល់ផ្ទាល់ សូមយកសំណាកនៅសាលាបឋមសិក្សាស្ពានគ្រង ដើម្បីយើងពិនិត្យតាមដានបន្តទៀត ហើយក្រុមការងារ ដូចជារដ្ឋបាលឃុំ រដ្ឋបាលស្រុក រដ្ឋបាលខេត្ត ក្រុមគ្រូពេទ្យជំនាញ ដុតដៃ ដុតជើង ស្វែងរក និងប្រកាស ដល់បងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធ ក្នុងពិធីបុណ្យសពខាងលើនេះចូលខ្លួនមកជាបន្ទាន់ ជៀសវាងការប៉ះពាល់អ្នកផ្សេងទៀត»។

សូមជម្រាបថា លោក ហេង ប៊ុនហ៊ឺ មេឃុំចំណារក្រោម ​បានប្រារព្ធពិធីបុណ្យសពម្ដាយម៉ីងរបស់ខ្លួន​ក្នុងរយៈពេល៣យប់ ៣ថ្ងៃ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ទើបយកសាកសពទៅបូជាតាមប្រពៃណី៕