ព័ត៌មានជាតិ

បុគ្គល៤នាក់​ រងការចោទថា​ និយាយមួលបង្កាច់បង្កូចកេរ្តិ៍​ ម្ចាស់គម្រោងបុរីមួយ​ និងពលរដ្ឋ១៩គ្រួសារ​ នៅស្រុកដងទង់​ ខេត្តកំពត​ ករណីទំនាស់ដីធ្លី​ 

image

កំពត៖​ កាលពីពេលថ្មីៗនេះ​ មានបុគ្គល៤នាក់បានធ្វើការឡាយតាមទូរស័ព្ទនៅមុខអង្គភាពប្រឆាំងអំពើពុករលួយថា​ ពួកគេកំពុងរងភាពអយុត្តិធម៌ ដោយសារពលរដ្ឋ អាជ្ញាធរ ថ្នាក់ដឹកនាំ ឃុបឃិតយកដីរបស់ខ្លួន​ ស្ថិតនៅភូមិសុភី ឃុំ ស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត​ លក់ទៅឱ្យក្រុមហ៊ុន។ ជាងនេះទៅទៀត ក៏មានសារព័ត៌មានមួយចំនួនបានចុះផ្សាយដោយបានចោទ រដ្ឋបាលឃុំ ស្រុក មន្ទីរ និងរដ្ឋបាលខេត្ត​ បានប្រព្រឹត្តិអំពើពុករលួយ​ ឃុបឃិត សូកប៉ាន់ ប្រើអំណាច​ ចេញលិខិតដក់ហូតដីពលរដ្ឋប្រគល់ឱ្យក្រុមហ៊ុនមួយ និងចាក់ដីលប់អាងទឹកធម្មជាតិផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ម្ចាស់ក្រុមហ៊ុន បានឆ្លើយបដិសេធទាំងស្រុកចំពោះការលើកឡើងនោះ និងបានបញ្ជាក់ថា ក្រុមហ៊ុនបានប្រមូលទិញដីពីប្រជាពលរដ្ឋត្រឹមត្រូវ មានឯកសារគ្រប់គ្រាន់ និងមានពលរដ្ឋជាម្ចាស់ដីចំនួន​ ១៩គ្រួសារ និងមានការបិទផ្សាយទិន្នន័យក្បាលដីជាសារធារណៈរយៈពេល ១៥ថ្ងៃទៀតផង ហើយពលរដ្ឋក្នុងភូមិធ្វើជាសាក្សី។ 

ពលរដ្ឋតំណាងម្ចាស់ដីទាំង​ ១៩គ្រួសារ បានលើកឡើងថា ក្នុងចំណោមអ្នកទាំង​ ៤នាក់ មានម្នាក់តែប៉ុណ្ណោះដែលមានដី ហើយដីគាត់ក៏មានធ្វើរបង់រួចរាល់ហើយដែរ មិនពាក់ព័ន្ធនឹងដីគម្រោងរបស់ក្រុមហ៊ុនទេ។ ចំណែក​ ៣នាក់​ ផ្សេងទៀតគ្មានដីបន្តិចសោះ គឺចេះតែចង្អុលយកៗ ហើយជាន់លើដីពួកគាត់។ 

ចំណែកលោកមេភូមិសុភី បានបញ្ជាក់ឱ្យដឹងដែរថា ពលរដ្ឋទាំង​ ៤នាក់នោះមិនមានដីនៅក្នុងបរិវេណគម្រោងទេ​ ហេីយលោកបានធ្វើការនៅភូមិហ្នឹងរាប់សិបឆ្នាំហើយ តាំងពីរំដោះចេញពីរបបប៉ុលពតមកម្ល៉េះ ហើយអ្នកទាំងបួននោះមិនដែលមកអាស្រ័យផលលើដីនៅទីតាំងនេះទេ តែបែជាមកទាលុយគេច្រេីនថែមទៀត។

បើតាមការបញ្ជាក់របស់ពលរដ្ឋ១៩គ្រួសារ និងម្ចាស់ក្រុមហ៊ុន ថាពួកគេនឹងធ្វើការប្តឹងតបបុគ្គល៤រូបដែលបាននិយាយមួលបង្កាច់ បង្កូចកេរ្តិ៍ឈ្មោះនោះវិញ ប្រសិនបើនាក់ទាំងបួនមិនបញ្ឈប់សកម្មភាព។ 

ពាក់ព័ន្ធករណីនេះដែរ​ រដ្ឋបាលខេត្តកំពតក៏បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលទាំងបួននាក់ និងការចុះផ្សាយរបស់សារព័ត៌មានផងដែរ​ កាលពីថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២១​៕

ដោយ៖​ វង្ស​ សុធារម្យ