ព័ត៌មានជាតិ

ស្ត្រីស្ម័គ្រចិត្តចូលបម្រើការជាឧទ្យានុរក្សកាន់តែច្រើន ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា 

image

អត្ថបទ៖ យ៉ង សុភា

ភ្នំពេញ៖ លោកនេត្រ ភ័ក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃនៃទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ត្រីត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។ ដែលបច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សស្ត្រីចំនួន ៤២នាក់ ស្ថិតក្នុងចំណោមន្ត្រីឧទ្យានុរក្សសរុប ១.២០០នាក់ ដែលក្រសួងបរិស្ថានបានដាក់ពង្រាយតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៥ ទីតាំងលើផ្ទៃដីទំហំប្រមាណ ៧,៣លានស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ២១ ក្នុងប្រទេសកម្ពុជា។ 

ឧទ្យានុរក្សស្ត្រីទាំងនោះកំពុងបំពេញតួនាទីដូចនឹងឧទ្យានុរក្សបុរសដែរ ដូចជាការល្បាតក្នុងព្រៃ ការពង្រឹងការអនុវត្តច្បាប់ចុះបង្រ្កាបបទល្មើស និងការអប់រំផ្សព្វផ្សាយពីច្បាប់ និងសារៈប្រយោជន៍នៃធនធានធម្មជាតិ ជីវៈចម្រុះជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងនិងជុំវិញតំបន់សហគមន៍ការពារធម្មជាតិនានា។ 

លោកបានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរទិវាឧទ្យានុរក្សពិភពលោកឆ្នាំនេះ ក្រសួងបរិស្ថានបានរៀបចំការផ្សព្វផ្សាយនូវសារសំខាន់ ព្រមទាំងបានផលិតជារូបភាព បទយកការណ៍ និងបទចម្រៀងអំពីតួនាទីភារកិច្ច និងការលះបង់របស់មន្ត្រីឧទ្យានុរក្សចំពោះបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់មន្ត្រីឧទ្យានុរក្សចំនួន ១០០ នាក់ដែលបានបំពេញការងារឆ្នើមផងដែរ។ បណ្ណសរសើរមេត្រីភាពបរិស្ថាននេះគឺជាភ័ស្តុតាងបង្ហាញពីការលះបង់របស់មន្ត្រីឧទ្យានុរក្សចំពោះជាតិ និងធនធានធម្មជាតិ៕