ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ រឹតបន្តឹងបម្រាមគោចរ​ ព្រំប្រទល់ខេត្តកោះកុង-ព្រះសីហនុ ដើម្បី​ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

image

​អត្ថបទ៖ ប៉ៃ សុឃីម

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានចេញបទបញ្ជាដល់អភិបាលក្រុង ស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការបន្ទាន់ដាច់ខាត ចំពោះការប្រមូលផ្តុំ ជួបជុំគ្នា ហូបចុក ផឹកស៊ី នៅតាមទីតាំងសាធារណៈ អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ បារ រង្គសាល និងទីតាំងមួយចំនួនទៀត។ល។ ចាប់ពី ថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២១ មក ករណីរកឃើញ ត្រូវធ្វើការផាកពិន័យ និងបិទទីតាំងនោះដោយគ្មានការលើកលែងនោះឡើយ។

ដោយអនុវត្តបម្រាមគោចរ ផ្អាកការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋចាប់ពីម៉ោង ២១ ដល់ម៉ោង ៣ ទៀបភ្លឺ កម្លាំងសមត្ថកិច្ចបានធ្វើការ យ៉ាងយកចិត្តទុកដាក់តាមបទបញ្ជារបស់លោកប្រធានគណៈបញ្ជាការឯកភាពខេត្តក្នុងវិធានការ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩ ក្នុងភូមិសាស្ត្រ ក្រុង នៃខេត្តព្រះសីហនុ។

ជាក់ស្ដែងនៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះអនុវត្តវិធានការរដ្ឋបាល ទៅលើទីតាំងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ចំនួន០២ទីតាំង ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមិនអនុវត្តតាមគោលការណ៍ណែនាំ មានចែងនៅក្នុងសេចក្តីសម្រេចលេខ១៨១/២១សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំពោះម្ចាស់ទីតាំង ទាំងពីរខាងលើ រដ្ឋបាលខេត្តនិងអនុវត្តទៅតាមច្បាប់។

ចំពោះនៅតាមបន្ទាត់ព្រំប្រទល់ខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩, លោកអភិបាលខេត្ត បានដាក់កម្លាំងត្រួតពិនិត្យ ច្រកចេញចូលរវាងខេត្តកោះកុងនិងខេត្តព្រះសីហនុនៅ ផ្លូវបំបែកស្រែអំបិល  តំបន់ភូមិសាស្រ្តស្រុកស្ទឹងហាវ និងមានការសហការតាមបន្ទាត់ព្រំដែនទឹកផងដែរ ក្នុងនោះស្រុកកំពង់សិលាអនុវត្តន៏ត្រួតពិនិត្យគោលដៅព្រំប្រទល់ខេត្តកោះកុងនឹងខេត្តព្រះសីហនុ  ចំណុចផ្លូវបំបែកស្រែអំបិល  ស្ថិតក្នុងភូមិចំការហ្លួង  ឃុំចំការ ហ្លួង  ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ  ដោយយកចិត្តទុកដាក់ចំពោះមធ្យោបាយយានយន្ត និងអ្នកធ្វើដំណើរព្រោះខ្លាចមានពលករ ឆ្លងដែនពីប្រទេស ថៃ ចូលមកខេត្ត កោះកុងនឹងបន្តដំណើរឆ្លងកាត់ភូមិសាស្រ្តខេត្តព្រះសីហនុ មានវិជ្ជមានជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងប្រភេទថ្មី ដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ន៕