ព័ត៌មានជាតិ

ឧបករណ៍តេស្តរហ័ស ៣០ម៉ឺន ជាជំនួយរបស់មិត្តចិន និងវ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូសបន្ថែមទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

image

ភ្នំពេញ៖ នាព្រឹកថ្ងៃទី​៣១ខែ​កក្កដា​ឆ្នាំ​២០២១នេះ​  លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់កម្ពុជានេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកឯឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ដែលដឹកមកជាមួយវ៉ាក់សាំងនេះ គឺជាជំនួយរបស់មិត្តចិន។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​  បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងប្រមាណជា ១៨លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណជា ១៧លានដូសនេះ ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។

តាមផែនការនៅត្រឹមខែសីហា ខាងមុខនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ៧លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់៕ដោយ​  គង់​  វណ្ណៈ​