ព័ត៌មានជាតិ

ដំណឹងល្អ! ក្រសួងកិច្ចការនារី ប្រកាសជ្រើសរើសសហគ្រិន និងអាជីវករស្ត្រីជាង១០០នាក់ ចូលរួមវគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍អាជីវកម្ម តាមប្រព័ន្ធអនឡាញ ដោយឥតគិតថ្លៃ

image

 អត្ថបទ ៖ សន ពិសិដ្ឋ 

  ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានប្រកាសផ្តល់អាហារូបករណ៍ ដល់ស្ត្រីចំនួន១០៥នាក់ ដើម្បីចូលរួមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍សហគ្រិនស្រ្តី តាមប្រព័ន្ធអនឡាញ ជាការសិក្សាដោយឥតគិតថ្លៃ ក្នុងគោលបំណងអភិវឌ្ឍន៍ជំនាញ ដល់សហគ្រិននិងអាជីវករស្ត្រី ទាំងនៅជនបទនិងទីក្រុង ស្របតាមក្របខណ្ឌ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្រ្តី របស់ក្រសួងកិច្ចការនារី។

  បើតាមប្រសាសន៍ លោក ថេ ឈុនហាក់ អគ្គនាយកអគ្គនាយកដ្ឋាន សមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី បានប្រាប់ CNC ឲ្យដឹងនាថ្ងៃទី៣១ ខែកក្កដានេះថា គម្រោងនេះដឹកនាំដោយក្រសួងកិច្ចការនារី សហការជាមួយគណៈកម្មាធិការ ទទួលបន្ទុកសេដ្ឋកិច្ចនិងសង្គម សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (ESCAP) របស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងចាប់ពីខែសីហា រហូដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ។

  លោកបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ មានកម្មវិធីចំនួន២៖ កម្មវិធីទី១៖ថ្នាលអភិវឌ្ឈន៍អាជីវកម្មកម្រិតមូលដ្ឋាន ដល់សហគ្រិនស្ត្រី១៥នាក់ រយៈពេល១០ថ្ងៃ ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២១ និងកម្មវិធីទី២៖ វគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលដល់សហគ្រិនស្ត្រី ចំនួន៩០នាក់ រយៈពេល៣ថ្ងៃ នៅអំឡុងខែសីហា និងតុលា។

  តាមរយៈវគ្គបណ្តុះបណ្តាលទាំង២នេះ អ្នកចូលរួមនឹងទទួលបាន៖

  -ទទួលបានចំណេះដឹងបន្ថែមក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន

  -ទទួលបានឱកាសក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាមួយអ្នកជំនាញ

  -ទទួលបានការបង្វឹកពីអ្នកជំនាញលើអាជីវកម្មរបស់ខ្លួន

  -ពង្រឹង និងពង្រីកអាជីវកម្មរបស់អ្នក និង

  -ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម។ 

  លោក ថេ ឈុនហាក់ បានបញ្ជាក់ថា សម្រាប់ការចុះឈ្មោះ អាចធ្វើការចូលទៅកាន់តំណភ្ជាប់នេះ ដើម្បីធ្វើការបំពេញ https://forms.gle/3gFAswCHacY7pDi97។ 

ក្រុមការងារនឹងទំនាក់ទំនង សម្រាប់តែអ្នកចូលសម្ភាសន៍តែប៉ុណ្ណោះ។ ចំពោះកាលបរិច្ឆេទទទួលពាក្យ ផុតកំណត់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ហើយព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ០១២ ៩០០ ៣៣៧/០១១ ៨៣៧ ៣៨៣ និងអ៊ីម៉ែល mowa.edd@gmail.com។

  គួរជម្រាបជូនថា ក្រសួងកិច្ចការនារី (MoWA) មានចក្ខុវិស័យ ធានាឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិស្មើគ្នា ស្របតាមច្បាប់ ជាពិសេសស្រ្តីនិងក្មេងស្រី ទទួលបានសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងអាចចូលរួមយ៉ាងពេញលេញ នៅក្នុងកិច្ចការសង្គម មានភាពអង់អាច និងការធ្វើសេចក្តីសម្រេច នៅគ្រប់កម្រិតនិងគ្រប់វិស័យ ដោយស្មើភាពគ្នាជាមួយបុរសនិងក្មេងប្រុស ដើម្បីធានាបាននូវភាពម្ចាស់លើខ្លួនឯង និងមានសុខមាលភាពពេញលេញនៅក្នុងគ្រួសារ និងសង្គមជាតិ៕