ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ៖ អ្នកល្មើសនឹងបម្រាមគោចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ គឺម៉ូតូ២០ម៉ឺនរៀល និងរថយន្ត១លានរៀល

image

អត្ថបទ៖ ឃឹម វិសាល                

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អ្នកល្មើសនឹងបម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺ ត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ គឺម៉ូតូ២០ម៉ឺនរៀល និងរថយន្ត១លានរៀល។

នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ខណៈពេលដែលលោកបានចុះពិនិត្យគោលដៅ។

ការអនុវត្តបម្រាមគោចរ ចាប់ពីយប់ថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១នេះទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោចរ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត គ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរ អាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តទៀតផង។

ក្នុងឱកាសនោះលោក ឃួង ស្រេង បានបញ្ជាក់ថា ការអនុវត្តបម្រាមគោចរនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសកូវីដបម្លែងថ្មីដែលតា។ លោក បានបញ្ជាក់ផងដែរថា ដោយគិតពីសុខភាពនិងអាយុជីវិតប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានចេញសេចក្តីសម្រេចបិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដបម្លែងថ្មីនេះ។ ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចបិទបម្រាមគោចរចាប់ពីម៉ោង ៩យប់ដល់ម៉ោង ៣ទៀបភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតប្រជាពលរដ្ឋខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដល់យ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមនេះ នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូគឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល។ ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន១លានរៀល ហើយគោលដៅដែលដាក់ត្រួតពិនិត្យក្នុង១ខណ្ឌៗ មានចំនួន២គោលដៅសរុប១៤ខណ្ឌ ស្មើនឹង២៨ គោលដៅ ។ ប៉ុន្តែអាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមគោលដៅទៀត។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៣០ ខែកក្កដា ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១១យប់ លោកឃួង ស្រេង បានចុះពិនិត្យគោលដៅនៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន មានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ៕