ព័ត៌មានជាតិ

មន្រ្តីសាលាខេត្តពីរនាក់វិជ្ជមានកូវីដ១៩ ក្រោយធ្វើយុទ្ធនាការតេស្តរហ័ស

image

អត្ថបទ៖ ង៉ុង សាន់

កែប៖ យ៉ាងហោចណាស់មានមន្រ្តីរាជការសាលាខេត្តកែបចំនួន ២នាក់ រកឃើញវិជ្ជមានកូវីដ១៩ ក្នុងការធ្វើតេស្តរហ័ស នៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២១នេះ ក្នុងចំណោមមន្រ្តីរាជការ សាលាខេត្តជាង ១០០នាក់ ដោយការធ្វើតេស្តនេះ សម្រាប់តែមន្ត្រីរបស់សាលាខេត្ត និងក្រុមប្រឹក្សាខេត្តតែប៉ុនណ្ណោះ។ 

បើតាមអភិបាលខេត្ត បណ្តាមន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុងស្រុក ក៏បានដំណើរការអនុវត្តធ្វើតេស្តតាមរយៈឧបករណ៍តេស្តរហ័សដល់មន្ត្រីរបស់ខ្លួនផងដែរ ក្រោយពីទទួលបានការបណ្តុះបណ្តាលពីមន្ទីរសុខាភិបាល កាលពីពេលកន្លងទៅរួចទៅ។ 

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងថា "ក្រោយពីមានបណ្តុះបណ្តាលការធ្វើតេស្តរហ័សដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុក ជុំវិញខេត្ត អាចយកសំណាកដល់មន្រ្តីបានដោយខ្លួនឯង​ ហើយធ្វើជាប្រចាំ។ ជាក់ស្តែងថ្ងៃនេះមន្រ្តីរាជការសាលាខេត្ត និងក្រុមប្រឹក្សាខេត្តកែបជាង ១០០​នាក់ បានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩នេះ។ យើងធ្វើកិច្ចការងារនេះ ឲ្យក្លាយទៅជាទម្លាប់ ក្លាយទៅជារឿងធម្មតា ដើម្បីភាពបន្ស៊ាំរបស់យើងក្នុងការរស់នៅជាមួយជំងឺកូវីដ១៩ នេះ។"

លោកបន្តថា ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេច អនុញ្ញាតឲ្យបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងនោះ មានខេត្តកែបដែរ មានសិទ្ធិក្នុងការព្យាបាលប្រជាពលរដ្ឋដែលកើតជំងឺកូវីដ១៩ នៅតាមផ្ទះ ដែលនេះជាការល្អក្នុងស្ថានភាពដែលកំពុងវិវត្តជាមួយការងារថ្មីៗ និងបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ 

លោក ក៏បានរំលឹកផងដែរថា ខេត្តកែបបានបញ្ចប់នូវការចាក់វ៉ាកសាំងប្រឆាំងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ ដល់៦០ឆ្នាំ រួចរាល់ជាស្ថាពរហើយដែរ ហើយខណៈពេលនេះរដ្ឋបាលខេត្តតាមរយៈអាជ្ញាធរក្រុង ស្រុក ក៏ពុងរៀបចំបញ្ជីទិន្នន័យយុវវ័យដែលមានអាយុ១២​ ដល់១៧ឆ្នាំ រួចរាល់ហើយដែរ ដើម្បីត្រៀមចាក់ជូនពួកគាត់ ក្រោយរាជរដ្ឋាភិបាល ផ្តល់វ៉ាក់សាំងឲ្យទៅតាមលំដាប់៕