ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំដោយប្រទេសព្រុយណេ 

image

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរ ទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងពីថ្ងៃទី ២ ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស កាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១។

របៀបវារៈនៃកិច្ចប្រជុំមាន ដូចខាងក្រោម៖ 

 - កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤។ 

 - ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស។ 

 - កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ 

 - កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ- នយោបាយអាស៊ាន លើកទី២៣។ 

 - កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២៩។ 

 - កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២។ 

 - កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១។ 

 - កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ និង 

 - សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន។ 

  កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិនិត្យមើលវឌ្ឍនភាព ដែលប្រទេសព្រុយណេក្នុងនាមប្រធានអាស៊ានសម្រេចបាន និងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោតការយកចិត្តទុកដាក់ទៅលើវិធីនិងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍     អាស៊ាន ជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ និងលើកកម្ពស់ ទំនាក់ទំនងខាងក្រៅ សំដៅពង្រឹងបន្ថែមទៀតនូវឯកភាព និងសាមគ្គីភាពរបស់អាស៊ាន។ កិច្ចប្រជុំ ក៏នឹងពិភាក្សាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការបារម្ភរួមគ្នា៕  

ដោយ វង សុភ័ក្ត្រ