ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង៖ វិនិយោគិនរុស្ស៊ីគួរពិចារណាវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម ថាមពល ឱសថ ផលិតកម្ម និង ICT

image

អត្ថបទ៖ ចេង ឆហួត

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា នៅមានសក្តានុពលវិនិយោគជាច្រើន ដែលវិនិយោគិនរុស្ស៊ីគួរពិចារណាវិនិយោគបន្ថែមទៀត ដូចជា វិស័យកសិកម្ម ថាមពល ឱសថ ផលិតកម្ម និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្រៅតែពីធ្វើការវិនិយោគលើផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងការអភិវឌ្ឍរមណីយដ្ឋាន។

ការលើកឡើងរបស់អ្នកឧកញ៉ា គិត ម៉េង យ៉ាងដូច្នេះ បានធ្វើឡើងតាមរយៈការអញ្ជើញថ្លែងសន្ទរកថាស្តីអំពី កាលានុវត្តភាពវិនិយោគនៅកម្ពុជា នៅក្នុងឱកាសនៃព្រឹត្តិការណ៍ «ជំនួបធុរកិច្ចលើកដំបូងតាមរយៈប្រព័ន្ធអនឡាញជាមួយក្រុមហ៊ុនរុស្ស៊ី» ដើម្បីអបអរសាទរខួបលើកទី ៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី ដែលត្រូវបានរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ខែកក្កដា ឆ្នាំ ២០២១នេះ ដោយមានការចូលរួមពីមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន ប្រទេសទាំងពីរ ប្រមាណ ២៥០នាក់។

នៅក្នុងកិច្ចជំនួបនេះ គណៈប្រតិភូកម្ពុជា ត្រូវបានដឹកនាំដោយលោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈភាគីសហព័ន្ធរុស៊្សីដឹកនាំដោយលោកស្រី Natalia Stapran ប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ច ពហុភាគី និងគម្រោងពិសេស នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី។  

មូលបទនៃកិច្ចពិភាក្សាផ្ដោតលើវិស័យសំខាន់ៗបីគឺ វិស័យបច្ចេកវិទ្យាព័ត៌មាន សុវត្ថិភាពប្រ ព័ន្ធអ៊ីនធឺណែត បច្ចេកវិទ្យាឌីជីថល វិស័យឧស្សាហកម្ម និងវិស័យថាមពល ដែលបានជួយត្រួសត្រាយផ្លូវដល់ក្រុមហ៊ុនរុស្ស៊ីក្នុងការស្វែងយល់ពីឱកាសទីផ្សារនៅកម្ពុជា ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃព្រឹត្តិការណ៍ធុរកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ប្រទេសទាំងពីរ គឺជាដៃគូយូរអង្វែង និងមានចំណងទាក់ទងជាមិត្ត ភាពជិតស្និទ្ធតាំងពីយូរលង់ណាស់មកហើយ។ ទំនាក់ទំនងទ្វេភាគីនេះ ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់។ 

អ្នកឧកញ៉ា បានគួសបញ្ជាក់ថា ប្រទេសកម្ពុជា ស្ថិតនៅទីតាំងយុទ្ធសាស្ត្រ ដែលសក្តិសមបំផុតសម្រាប់មូលដ្ឋានផលិតកម្ម និងងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ ហើយថា ថ្មីៗនេះ ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RECP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជា មួយចិន និងគម្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយសាធារណៈរដ្ឋកូរ៉េ នាពេលឆាប់ៗខាងមុខនេះ នឹងជួយពង្រីកទីផ្សារ ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែក្លៀវក្លាបន្ថែមទៀត។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិនរុស្ស៊ីទាំងអស់ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជា បាន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីរុស្ស៊ី ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិ យោគ រវាងប្រទេសទាំងពីរ។ 

រហូតមកទល់ពេលនេះ សភាពាណិជ្ជកម្មបានរៀបចំជំនួបពាណិជ្ជកម្ម និងកម្មវិធីជំរុញការវិនិយោគជាមួយប្រទេសរុស្ស៊ី ក្នុងវិស័យផ្សេងៗជាច្រើន និងបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការជាមួយមូលនិធិ Roscongress នៅឆ្នាំ២០១៨ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី នៅឆ្នាំ២០១៦ និងអនុស្សារណៈយោគយល់ជាមួយសមាគមស៊ីប៊េរី សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវប្បធម៌ នៅឆ្នាំ២០១៥។

បើទោះបីជាទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេ សទាំងពីរ នៅមានទំហំតូចនៅឡើយ ពោលគឺកាលពីឆ្នាំ ២០២០កន្លងទៅនេះ មានតម្លៃទឹកប្រាក់សរុបប្រមាន ១៩៧លានដុល្លារអាមេរិកប៉ុណ្ណោះ។

បច្ចុប្បន្នមន្ត្រីជំនាញកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី កំពុងប្រឹងប្រែងត្រួសត្រាយផ្លូវឈានទៅដល់ការផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-EAEU នាពេលខាងមុខ៕