ព័ត៌មានជាតិ

ចាប់ខ្លួនមន្រ្តីយោធាផ្កាយ២ម្នាក់​ នៅខេត្តកំពង់ស្ពឺ​ពីបទ​ ប្រើហិង្សា និងបង្ខាំងមនុស្សដោយខុសច្បាប់​

image

កំពង់ស្ពឺ៖​ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ​ ចានចាប់ខ្លួនលោកឧត្តមសេនីយ៍យោធាម្នាក់(ផ្កាយ២)តាមអំណាចដីការរបស់សាលាដំបូងខេត្តកំពង់ស្ពឺ​ បន្ទាប់ពីបង្គាប់ឱ្យចូលខ្លួនចំនួនពីរលើកពីបទ ប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់​។​ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០២១។ 

មន្រ្តីយោធាដែលបានចាប់ខ្លួនមានឈ្មោះ សូយ ចាន់សឿន ហៅ ទេស ចាន់សឿន ហៅ វ៉ា អាយុ៤៥ឆ្នាំ មានឋានន្តរសក្តិជាឧត្តមសេនីយ៍ទោ និងមានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ។​ មន្ត្រីយោធារូបនេះ​ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់»​ ប្រព្រឹត្តិកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ទៅលើស្រ្តីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស ដែលមានអាយុ៤១ឆ្នាំ។

យោងតាមការឱ្យដឹងពី​ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា ឧត្តមសេនីយ៍ទោយោធាដែលបានចាប់ខ្លួនដោយកម្លាំងនគរបាលខេត្តនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការសួរនាំពីមន្ត្រីជំនាញដើម្បីកសាងបន្តនីតិវិធី។ 

យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ​ បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក រូបគាត់និងឈ្មោះ សូយ ចាន់សឿន បានជិះរថយន្តមួយគ្រឿងជាមួយគ្នា ក្នុងគោលបំណងទៅកងរាជអាវុធហត្ថខេត្តកណ្តាល ដោយឈ្មោះ សូយ ចាន់សឿន ជាអ្នកបើកបរ។​ លុះពេលធ្វើដំណើរជិតដល់រង្វង់មូលក្រុងតាខ្មៅ ឈ្មោះ សូយ ចាន់សឿន និងខ្លួនគាត់ជាជនរងគ្រោះ បានទាស់ពាក្យសំដីគ្នា។ហើយឈ្មោះ សូយ ចាន់សឿន ក៏បានខឹងរួចឈប់រថយន្តធ្វើសកម្មភាពវាយទៅលើខ្លួនជាច្រើនដៃត្រូវចំមុខ ភ្នែក​ ថ្គាម​ចង្កា និងទ្រូង ព្រមទាំង យកកាំភ្លើងគំរាមបាញ់បំបាក់ជើងប្រសិនបើជនរងគ្រោះហ៊ានចុះពីលើរថយន្ត។

បន្ទាប់មកទៀតឈ្មោះ សូយ ចាន់សឿន បានបើករថយន្តដឹកជនរងគ្រោះឡើងទៅភ្នំពេញ រួចបន្តដំណើរដល់សង្កាត់កណ្តោលដុំ ខេត្តកំពង់ស្ពឺ ដោយពេលកំពុងធ្វើដំណើរតាមផ្លូវឈ្មោះ សូយ ចាន់សឿន បានវាយធ្វើបាបជនរងគ្រោះជាច្រើនដៃបន្ថែមទៀត​ និងដឹកយកទៅបង្ខាំងទុកនៅផ្ទះកូនចៅ នៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើការរំដោះរួចនាំទៅមន្ទីរពេទ្យដើម្បីព្យាបាល។

លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ហៅ ទេស ចាន់សឿន ហៅ វ៉ា ត្រូវបាន​ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ​ ធ្វើការចោទប្រកាន់ពីបទ ប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់ តាមបញ្ញត្តិមាត្រា ២១៨ និងមាត្រា ២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ​ ប្រព្រឹត្តិនៅក្រុងតាខ្មៅខេត្តកណ្តាល​ និងខេត្តកំពង់ស្ពឺ៕ដោយ៖​ ប៊ុត​ សារុន