ព័ត៌មានជាតិ

ជំងឺកូវីដ១៩ បន្តផ្តាច់យកជីវិតពលរដ្ឋ នៅខេត្តបាត់ដំបង រៀងរាល់ថ្ងៃ បើមិនចូលរួមអនុវត្តវិធានសុវត្ថិភាព ៣កុំ ៣ការពារទេ 

image

បាត់ដំបង៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍មួយចំនួននៃខេត្តបាត់ដំបង មានការកើនឡើងខ្លាំង ធ្វើឱ្យអ្នកឆ្លងជំងឺក៏កើនឡើង ដោយឡែកអត្រានៃការស្លាប់របស់ពលរដ្ឋក៏មានការកើនឡើងជារៀងរាល់ថ្ងៃផងដែរ ដែលទាំងនេះគឺជាក្តីបារម្ភនិងជាហានិភ័យខ្ពស់សម្រាប់ខេត្តបាត់ដំបងទាំងមូលត្រូវទាមទារនូវការចូលរួមទប់ស្កាត់ទាំងអស់គ្នាដើម្បីសុវត្ថិភាពសង្គម ។

ជាក់ស្តែង រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ បានធ្វើការប្រកាសអត្តសញ្ញាណអ្នកជំងឺចំនួន៣នាក់ទៀតបានបាត់បង់ជីវិត និងករណីរកឃើញអ្នកឆ្លងថ្មីចំនួន១២៥នាក់ ពាក់ព័ន្ធសហគមន៍២០កុម្ភៈចំនួន ១០៣ នាក់ ពលករមកពីប្រទេសថៃ ចំនួន២២នាក់ និងមានអ្នកជាសះស្បើយចំនួន១១១នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី៣០ ខែកក្កដា នេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣ ១៦៦ នាក់ បានព្យាបាលជាសះស្បើយចំនួន ១ ៩៣០នាក់ មានករណីស្លាប់៤០នាក់ និងចំនួន ១ ១៩៦នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង ៕

ដោយ៖ ឡាច សុគន្ធាវី