ព័ត៌មានជាតិ

ប្រទេសថៃ ផ្តល់ម៉ាស៊ីនធ្វើតេស្តរកកូវីដ  និងសម្ភារបរិកា្ខរពេទ្យមួយចំនួន សម្រាប់ប្រើប្រាស់ការពារ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា

image

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសថៃ បានផ្ដល់ជំនួយនូវម៉ាស៊ីនធ្វើតេស្តរកវីរុសកូវីដ-១៩ (PCR Machine) ចំនួន ១គ្រឿង រួមទាំងគ្រឿងបន្ទាប់បន្សំ និងសម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (PPE) ចំនួន ១២០០កំផ្លេមកកម្ពុជា ។

ពិធីប្រគល់-ទទួល បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលរួមពិធីប្រគល់-ទទួលជំនួយរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិប្រទេសថៃ ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជនថៃ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាលព្រមទាំងអ្នករងគ្រោះ ដោយជំងឺកូវីដ-១៩ ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ ថ្លៃថ្លា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសថៃ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានកាន់តែឆាប់រហ័ស៕