ព័ត៌មានជាតិ

ប.ស.ស ៖ រយៈពេល ៨ខែឆ្នាំ២០១៨ ទឹកប្រាក់ជាង១ម៉ឺន៥ពាន់លានរៀលត្រូវបានឧបត្ថម្ភជូនកម្មការិនីសម្រាលកូនជិត៤ម៉ឺននាក់ ទៅទូទាំងប្រទេស

image

(ភ្នំពេញ) ៖ រយៈពេល ៨ ខែ គឺចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៨ មានកម្មការិនីសម្រាលកូន ៣៨.៩៩៧នាក់ ដែលទទួលបាន ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈបេឡាជាតិរបបសន្តិសុខសង្គមដែលហៅកាត់ថា ប.ស.ស ។

យោងតាមទិន្នន័យរបស់ ប.ស.ស បង្ហាញថា រយៈពេល៨ខែឆ្នាំ ២០១៨នេះ មានកម្មការិនីសម្រាប់កូនសរុប ៣៨.៩៩៧នាក់ ហើយក្នុងចំណោមនោះមានកម្មការនីសម្រាលបានកូនភ្លោះពីរ និង កូនភ្លោះបី ហើយសរុបទារកដែលកើតទាំងអស់មាន ៣៩.២៩២នាក់។

ប.ស.ស ជានឹងចំនួនកម្មការនីសម្រាលកូនទាំងជិត៤ម៉ឺននាក់នេះ ក្នុងរយៈពេល៨ខែឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយប្រាក់ឧបត្ថម្ភសរុបចំនួន ១៥.៧១៦.៨០០.០០០ រៀល (១ម៉ឺន ៥ពាន់ ៧១៦លាន ៨សែនរៀល) ។

យោងតាមទិន្នន័យខាងលើ មានកម្មការនីសម្រាលកូន ៣៨៨១នាក់ក្នុងខែមករា, ៤៤៣០នាក់ ក្នុងខែកុម្ភៈ,៤៨២២នាក់ នៅខែមីនា, ៤៦៩០នាក់នៅខែមេសា,៥៣០៥នាក់ នៅខឧសភា .៥២២៩នាក់នៅខែមិថុនា, ៥០០៨នាក់ ខែកក្កដា និង ៥៦៣២នាក់ក្នុង ខែសីហា។
គួរកត់សម្គាល់ថា នៅក្នុងរយៈពេល ៨ ខែឆ្នាំ២០១៨នេះ ស្ត្រីជាកម្មការិនី ដែលសម្រាលកូនភ្លោះបី មាន ៤ករណី ដែលក្នុងខែមេសាមានមួយករណី, ក្នុងខែកក្កដាមានមួយករណី និងក្នុងខែសីហាមានរហូតដល់ ២ករណី ។

សូមជំរាបថា ដោយមានការគិតគូរពីសម្តេចតេជោ ហ៊ុន សែន កម្មការនីមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍ ជាច្រើន ដែលរាជរដ្ឋាភិបាលផ្តល់ឱ្យ ដែលក្នុងនោះ សម្រាប់ស្រ្តីមានផ្ទៃពោះសម្រាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែ ហើយទទួលបានប្រាក់ខែ១២០%នៃប្រាក់ខែ (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ)។

ចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល ហើយបើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលទៀតពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត៕