ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើងត្រៀមខ្លួនរួចជាស្រេចសម្រាប់​ «ការសន្ទនា និង ការប្រឈមមុខ» ជាមួយអាមេរិក 

image

សាច់រឿង៖ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជេីង​ នៅថ្ងៃសុក្រនេះ​ បានរាយការណ៍ថា​ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បាននិយាយថា ប្រទេសរបស់លោកចាំបាច់ត្រូវត្រៀមទាំង​ «ការសន្ទនា​ និង​ ការប្រឈមមុខ» ជាមួយអាមេរិក​ ហេីយជាពិសេសត្រូវត្រៀមខ្លួនឲ្យបានពេញលេញសម្រាប់ការប្រឈមមុខដាក់គ្នា។ 

លោក គីម បានលេីកឡេីងដូចនេះនៅក្នុងកិច្ចប្រជុំក្រុមមេដឹកនាំជាន់ខ្ពស់នៅក្នុងទីក្រុងព្យុងយ៉ាងដែលបានចាប់ផ្ដេីមតាំងពីដេីមសប្ដាហ៍នេះ។ 

លោក​ គីម​ បាននិយាយថា​ «ពួកគេចាំបាច់ត្រូវត្រៀមលក្ខណៈឱ្យបានពេញលេញសម្រាប់ការប្រឈមមុខដាក់គ្នាដើម្បីការពារសេចក្តីថ្លៃថ្នូររបស់កូរ៉េខាងជេីង​ និងផលប្រយោជន៍របស់ខ្លួនសម្រាប់ការអភិវឌ្ឍប្រកបដោយឯករាជ្យ​ ក៏ដូចជាដើម្បីធានានូវបរិយាកាសសន្តិភាព និងសុវត្ថិភាពរបស់កូរ៉េខាងជើង»។

នេះគឺជាលើកទីមួយហើយដែល​ លោក គីម បានធ្វើការអត្ថាធិប្បាយចំៗទៅលើរដ្ឋបាលរបស់​ លោក​ប្រធានាធិបតី​ ចូ​ បៃដិន (Joe Biden)។ 

ប្រទេសកូរ៉េខាងជើងកន្លងមកធ្លាប់បានធ្វើព្រងេីយកន្តេីយចំពោះកិច្ចខិតខំប្រឹងប្រែងដែលធ្វេីឡេីងដោយរដ្ឋបាលរបស់​ លោក​ បៃដិន​ ដើម្បីបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ 

គួរកត់សម្គាល់ថា​ ទំនាក់ទំនងរបស់​ លោក​ គីម​ ជាមួយរដ្ឋបាលរបស់​ លោក​ បៃដិន​ គឺមានភាពតានតឹងរហូតមក។ 

នៅមុនការបោះឆ្នោតប្រធានាធិបតីនៅអាមេរិក​ លោក បៃដិន​ បានហៅ​ លោក​ គីម​ ថាជា​ «ជនពាល» ហើយនៅប៉ុន្មានថ្ងៃមុនការឡើងកាន់តំណែងរបស់​ លោក បៃដិន ប្រទេសកូរ៉េខាងជើងបានបង្អួតកម្លាំងរបស់ខ្លួនតាមរយៈការធ្វេីព្យុហយាត្រាយោធាដ៏ធំមួយដែលបានបង្ហាញមីស៊ីលប្រភេទថ្មី៕