ព័ត៌មានជាតិ

គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបាន ៤២ភាគរយ

image

អត្ថបទ៖ ចេង ឆហួត

សៀមរាប៖ ទោះបីជាជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ក្តី ក៏ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៅតែដំណើរការជាធម្មតាដែលគិតមកដល់នឹងពេលសម្រេចបាន ៤២ភាគរយហើយ។ នេះបើតាមការអះអាងរបស់ អ្នកនាំពាក្យអា កាសចរណ៍ស៊ីវិលកម្ពុជា។

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានមានប្រសាសន៍ថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងបញ្ចប់ទៅតាមពេលវេលាកំណត់នៅឆ្នាំ ២០២៣ ទោះបីជាពេលនេះមានការរំខានពីការវិបត្តិជំងឺកូវីដ១៩ក៏ដោយ។

តាមរយៈការសិក្សាព្រលានយន្តហោះអន្តរជាតិថ្មីនេះអាចទទួលអ្នកដំណើរបាន ១០លាននាក់ ក្នុងឆ្នាំ ២០៣០ និង ២០លាននាក់ត្រឹមឆ្នាំ ២០៥០។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings, Ltd របស់ចិន ក្នុងតម្លៃទុនវិនិយោគ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ហិកតា នៅស្រុកសូទ្រនិគម ជាយក្រុងសៀមរាប។ 

គម្រោងនេះនឹងត្រូវបានសាងសង់ ៣ ដំណាក់កាល។ វាចាប់ផ្តើមដំណើរការសាងសង់នៅខែមីនា ឆ្នាំ ២០២០ នឹងចំណាយពេល ៣៦ខែក្នុងការសាងសង់ ដែលគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៣។

ក្រុមហ៊ុននឹងវិនិយោគជាង ៥០០លានដុល្លារ សម្រាប់ដំណាក់កាលទី ១ និង ២ ដែលនឹងអាចឲ្យយន្តហោះដឹកអ្នកដំណើរទំហំមធ្យម និងចម្ងាយឆ្ងាយដូចជាយន្តហោះ Boeing 737 និងយន្តហោះ Airbus A320 ចុះចតបាន។ ទឹកប្រាក់ ៣០០លានដុល្លារផ្សេងទៀតនឹងត្រូវបម្រុងទុកសម្រាប់ដំណាក់កាលទី ៣។

នៅឆ្នាំ២០២៣ ខាងមុខនេះ ក៏ជាឆ្នាំនៃការបញ្ចប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅក្នុងខេតកណ្តាលផងដែរ។ ក្រៅពីព្រលានយន្តហោះអន្តរជាតិខាងលើនេះ កម្ពុជាក៏កំពុងអភិវឌ្ឍន៍ និងគ្រោងអភិវឌ្ឍលើព្រលានយន្តហោះក្នុងស្រុកផ្សេងៗទៀត ដូចជា ព្រលានយន្តហោះនៅក្នុងខេត្តកោះកុង ព្រលានយន្តហោះខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តមណ្ឌលគិរីជាដើម៕