ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ

image

បាត់ដំបងៈ ក្នុងឱកាសដ៏បវរមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប៨៥ព្រះវស្សា យាងចូល៨៦ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្រោមការដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខា និងសហការី បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តរ៉ុមស៊ប្រសិទ្ធីរាម ហៅវត្តសមសាន្ត  ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅក្នុងសារលិខិតថ្វាយព្រះពរ អានដោយ លោកបណ្ឌិត ប៊ុត គឹមស៊ាន មានខ្លឹមសារថា ទួលព្រះបង្គុំយើងខ្ញុំទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសម្ដែងនូវការគោរពនិងចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហត្ថព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ និងសូមបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ  ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អបរិបូរណ៌ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ។ 

លោកបណ្ឌិត បានបន្តទៀតថា ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសសំខាន់បងប្អូនជាជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននានា ដោយមិនប្រកាន់វណ្ណៈពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ ។ ក្នុងឱកាសនោះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានវេរប្រគេនទេយ្យទានដល់វត្ត រួមមានអង្ករ ទឹកសុទ្ធ  ទឹកក្រូច  ម៉ាស់ អាល់កុល និងបច្ច័យ៥០ម៉ឺនរៀល ព្រមទាំងបច្ច័យ៤ប្រគេនដល់ព្រះសង្ឃទាំង១៩អង្គ ក្នុងមួយអង្គៗ នូវស្លាដក១ និងបច្ច័យចំនួនផងដែរ  ៕ 

ដោយៈ ឡាច សុគន្ធាវី