ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់បរិស្ថាន ជំរុញឱ្យអាជ្ញាធរខេត្តជាប់មាត់សមុទ្រ បង្កើនការងារគ្រប់គ្រងសំណល់បា្លស្ទិក

image

កំពត៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានលើកឡើងថា ទិសដៅចុងក្រោយបង្អស់របស់សំណល់ប្លាស្ទិកនឹងត្រូវធ្លាក់ចូលទៅក្នុងសមុទ្រ ហើយវានឹងបំផ្លាញធនធានសមុទ្រ និងបំពុលទឹក ដី និងស្រទាប់បរិយាកាស ដែលនឹងបង្កឱ្យមានបម្រែបម្រួលអាកាសធាតុ។ ការជំរុញដូចនេះ បានធ្វើឡើងក្នុងពិធីទទួលទ្រុងសំណាញ់ធ្វើពីដែកសម្រាប់ដាក់សំណល់រឹង ដែលមានទំហំ ៤x២,៥ម៉ែត្រ កម្ពស់ ១,៤ម៉ែត្រ ចំនួន ១៦ទ្រុង ពីក្រុមហ៊ុនកូកាកូឡា កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅសួនច្បារមាត់ព្រែក ក្រុងកំពត ដើម្បីប្រគល់ជូនបន្តដល់រដ្ឋបាលខេត្តកំពត។

លោក នេត្រ ភក្ត្រា បានលើកឡើងថា បញ្ហាបរិស្ថាន ជាបញ្ហារួមរបស់មនុស្សគ្រប់រូប ហើយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំ និងបានដាក់ចេញនូវគោលនយោបាយនានា ឱ្យអនុវត្តន៍ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងកាកសំណល់រឹង ពិសេសបា្លស្ទិក នៅទីប្រជុំជនឱ្យមានប្រសិទ្ធិភាព និងសុវត្ថិភាពដល់បរិស្ថាន ព្រោះអត្រាបរិមាណសំរាមក្នុងមួយឆ្នាំៗកើនឡើងជាលំដាប់។

លោករដ្ឋលេខាធិការក៏បានបញ្ជាក់ដែរថា តាមការស្រាវជ្រាវរបស់អ្នកជំនាញរកឃើញថា គោលដៅចុងក្រោយបង្អស់របស់កាកសំណល់រឹង ឬប្លាស្ទិក ត្រូវធ្លាក់ចូលទៅក្នុងសមុទ្រ ហើយវានឹងបំផ្លាញធនធានសមុទ្រ និងបំពុលទឹក ដី និងស្រទាប់បរិយាកាស បង្កឱ្យមានបម្រែបម្រួលអាកាសធាតុ។ តាមការព្យាករណ៍ នៅឆ្នាំ២០៥០ ប្រសិនបើយើងមិនកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទេ ចំនួនបា្លស្ទិកនៅក្នុងសមុទ្រនឹងកើនដល់ ៣៤ពាន់លានតោន ដែលចំនួននេះ ច្រើនជាងមច្ឆារស់នៅក្នុងសមុទ្រ។

ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានអរគុណដល់ក្រសួងបរិស្ថាន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារបច្ចេកទេស ដល់រដ្ឋបាលខេត្តកំពត ក្នុងកិច្ចគាំពារបរិស្ថានបៃតង និងអនាម័យស្អាត ដោយសង្ឃឹមថា ក្រុមហ៊ុនកូកាកូឡា នឹងកាន់តែបង្កើនកិច្ចសហការ ជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពតបន្តបន្ទាប់ទៀត៕

អត្ថបទ៖ វង្ស សុធារម្យ