ព័ត៌មានជាតិ

ខេត្តកែបរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៥នាក់បន្ថែមទៀត ពាក់ព័ន្ធរោងចក្រពូចិន នៅខេត្តកំពត

image

អត្ថបទ៖ ង៉ុង សាន់

កែប៖ រដ្ឋបាលខេត្តកែប ចេញសេចក្តីជូនដំណឹងដោយបានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ១៥នាក់ ដែលបុគ្គលវិជ្ជមានទាំងនេះ បានប៉ះពាល់ដោយផ្ទាល់ និងជាកម្មការិនីបម្រើការងារនៅ រោងចក្រពូចិន ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច តាច ខេត្តកំពត។  

បុគ្គលវិជ្ជមានទាំងនោះ បានស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ១៩ និងត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ខេត្តកែប។ ដោយឡែកចំពោះបុគ្គលប៉ះពាល់ជាមួយហេតុការណ៍នេះ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្តកែប បាន និងកំពុងស្វែងរកបន្តទៀត ដើម្បីចាត់ចែងអនុវត្តវិធានការសុខាភិបាល។

ឆ្លើយតបបញ្ហានេះដែរ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងថា វិធានការបន្ទាន់ដែលរដ្ឋបាលខេត្តបានដាក់ចេញគឺស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធទាំងអស់ ជាពិសេសកម្មករកម្មការិនី ដែលបានធ្វើការក្នុងរោងចក្រពូចិន ដើម្បីឲ្យពួកគាត់មកយកសំណាកឆាប់រហ័សបំផុត។ 

លោកបន្តថា ជាបឋមយើងសម្រេចបានការយកសំណាកនៅភូមិសាស្រ្តក្រុងកែបហើយ ហើយយើងបន្តជំរុញការចុះអនុវត្តយកសំណាកបន្តទៀត ដើម្បីយកពួកគាត់មកធ្វើតេស្ត និងធ្វើចត្តាឡីស័ក សំដៅកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ១៩ នេះ ចូលក្នុងសហគមន៍។ 

ក្នុងនោះដែររដ្ឋបាលខេត្តកែប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍នៅខេត្តកែបទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងរោងចក្រពូចិន ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងជាមួយបុគ្គលវិជ្ជមានខាងលើ ប្រសិនបើមានរោគសញ្ញ ដូចជា ហៀរសំបោរ ឡើងកម្ដៅ ផ្តាសាយ ឈឺបំពង់ក ថប់ដង្ហើម ក្អក ឬមានរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមទាក់ទងមកក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬ អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីពិភាក្សា និងរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ឱ្យបាន ឆាប់បំផុត៕