ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ប្រាប់តំណាងទូតអង់គ្លេស កុំបារម្ភពីបញ្ហាសន្តិសុខក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសមកកម្ពុជា

image

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា កម្ពុជាតែងគិតគូរការពារយ៉ាងហ្មត់ចត់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនានា ត្បិតកម្ពុជា មិនបានរងការគំរាមកំហែងធ្ងន់ធ្ងរណាមួយក៏ដោយ។ ទន្ទឹមនេះ អគ្គស្នងការនគរបាលជាតិ ក៏បានពង្រឹងវិធានការការពារយ៉ាងហ្មត់ចត់ លើគ្រប់បណ្តាហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា រួមទាំងទីតំាងរបស់មន្ត្រីអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដំណើរទេសចរណ៍របស់បរទេសនៅកម្ពុជា។

លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងដូចនេះក្នុងកិច្ចប្រជុំពិភាក្សាផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសជាមួយតំណាងស្ថានរាជទូតអង់គ្លេសប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅនាយកដ្ឋានអង្គរក្ស។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ផងដែរ ដោយឡែកទាក់ទងនឹងសភាពការណ៍បទល្មើស កម្ពុជាក៏មានផងដែរ ប៉ុន្តែមិនធំដុំនោះទេ។ ចំពោះសភាពការណ៍សន្តិសុខរបស់ព្រះរាជាណាចក្រកម្ពុជា មានសុវត្ថិភាពល្អប្រសើរ។ ទាក់ទងបទពិសោធន៍ក្នុងកិច្ចការពាររបស់កម្លាំងសមត្ថកិច្ច មានច្រើនអង្គភាព ដែលធ្លាប់បានឆ្លងកាត់ក្នុងកិច្ចការពារគណៈប្រតិភូធំៗ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ម្យ៉ាងវិញទៀតកម្ពុជា ក៏បាននិងកំពុងត្រៀមខ្លួន ដើម្បីការពារក្នុងករណីកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អាស៊ីអ៊ឺរ៉ុប ផងដែរ ដោយក្នុងនោះ កម្ពុជាបានគិតទាំងការពង្រាយកម្លាំងតាមសភាពការណ៍ជាក់ស្តែង ទាំងមធ្យោបាយ ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់។ 

ក្រៅពីនេះ អគ្គស្នងការរងនគរបាលជាតិ ក៏បានលើកឡើងនូវចំណុចសំខាន់មួយទៀត គឺបញ្ហាប្រឈមដែលកំពុងកើតមាន គឺបញ្ហាការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកម្ពុជាបានត្រៀមនូវការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព របស់គណៈប្រតិភូផងដែរ ដោយគិតទាំងពីការមកដល់ ការធ្វើដំណើរ ការស្នាក់នៅ និងត្រូវតាមដាននូវដំណើរបំពេញទស្សនកិច្ចនៅសារមន្ទីរ ជាដើម។ កម្ពុជាក៏បានត្រៀមយកចិត្តទុកដាក់បម្រើជូនគណៈប្រតិភូ ដោយការគិតគូរ សិក្សាឱ្យបានហ្មត់ចត់ ទាំងផ្នែកសុខាភិបាល ទាំងសុខភាពរបស់អ្នកពាក់ព័ន្ធទំាងអស់ ដើម្បីកុំឱ្យមានបញ្ហា ប៉ះពាល់ណាមួយ។

សូមបញ្ជាក់ថា តាមគម្រោងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab និងធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជាចំនួន២ថ្ងៃគឺ នៅថ្ងៃទី២២-២៣ ខែមិថុនា ដែលតាមគម្រោង លោក រដ្ឋមន្ត្រីការបរទេសអង់គ្លេស គ្រោងជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព និងជួបប្រជុំជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេសកម្ពុជា និងគ្រោងទស្សនកិច្ចនៅមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា មុននឹងធ្វើដំណើរនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ៕

ដោយ៖ ម៉ៅ នរិទ្ធិយ៉ា