ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុងប្រកាសបើកយុទ្ធនាការថ្មី ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទៅ

image

អត្ថបទ៖ តាំង សុន្នី 

កោះកុង៖ កន្លងមកមានពលរដ្ឋមួយចំនួនធំ ដែលធ្លាប់ទទូច និងរង់ចាំទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាយូរមកហើយនោះ ឥឡូវនេះរដ្ឋបាលខេត្តកោះកុងប្រកាសបើកយុទ្ធនាការថ្មី ស្តីពីចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទូទៅដោយឥតគិតថ្លៃ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

ស្របពេលដែលជំងឺកូវីដ១៩ បាន និងកំពុងឆ្លងរាលដាលខ្លាំងក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមា និងស្រែអំបិល នៅថ្ងៃទី១៨ មិថុនា ២០២១ រដ្ឋបាលខេត្តកោះកុងបញ្ជាក់ថា ខ្លួននឹងបើកយុទ្ធនាថ្មី ស្តីពីការចាក់វ៉ាក់សាំងការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយយុទ្ធនាការនេះនឹងប្រព្រឹត្តទៅដោយគិតចាប់ពីថ្ងៃទី២០ មិថុនា ២០២១ ខាងមុខនេះតទៅ ដោយមានការបែងចែកតាមក្រុង និងស្រុក៖ ទី០១ នៅក្រុងខេមរភូមិន្ទ និងទី០២ នៅស្រុកស្រែអំបិល។

ចំពោះទីតាំងក្នុងក្រុងខេមរភូមិន្ទ រដ្ឋបាលខេត្តកោះកុង បានបែងចែកមាន ០២កន្លែង៖

១-សាខាកាកបាទក្រហមខេត្តកោះកុង ស្ថិតក្នុងភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

២-មជ្ឈមណ្ឌល «ស៊ូននឹង» នៅផ្លូវឆ្មាបាត់ ភូមិស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ចំណែកនៅស្រុកស្រែអំបិលវិញ រដ្ឋបាលខេត្តកោះកុងបានបែងចែកមាន ០៣កន្លែង៖

១-សាលាបឋមសិក្សាស្រែអំបិល ស្ថិតក្នុងភូមិ-ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្កតកោះកុង។

២-សាលាបឋមសិក្សាជីខលើ ស្ថិតក្នុងភូមិ-ឃុំជីខលើ ស្រុកស្រែអំបិល ខេត្កតកោះកុង។

៣-សាលាបឋមសិក្សាបឹងព្រាវ  ស្ថិតក្នុងភូមិ-ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្កតកោះកុង។

បន្ថែមលើនេះរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា យោងតាមផែនការ មន្ត្រីជំនាញសុខាភិបាល នឹងបើកចាក់ជូនប្រជាពលរដ្ឋឲ្យបានរួចរាល់ក្នុងរយៈពេល០៣ ថ្ងៃ។ ក្នុងករណីមានការប្រែប្រួល មន្ត្រីជំនាញសុខាភិបាល នឹងជូនដំណឹងជាថ្មីនៅពេលក្រោយ។

ជាមួយគ្នានេះរដ្ឋបាលខេត្តកោះកុង អំពាវនាវដល់សាធារណៈជនទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមមកទទួលការចាក់សាំងនៅទីតាំង និងកាលបរិច្ឆេទដែលបានកំណត់ដូចខាងលើកុំបីខាន ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ- លិខិតឆ្លងដែន-សំបុត្រកំណើត-សៀវភៅស្នាក់នៅ ឬឆាយា៕