ព័ត៌មានជាតិ

កម្ពុជា មានភាពជាក់លាក់ក្នុងការប្រឆាំងជំងឺកូវីដ១៩ ធ្វើឲ្យរដ្ឋាភិបាល និងវិស័យឯកជនបារាំង នៅបន្តជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយបរិយាបន្ន និងចីរភាព  

image

(ភ្នំពេញ)៖ លោកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyễn Bịnh) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាព មានស្ថេរភាព និងអភិវឌ្ឍន៍។ ពីនោះទៅទៀត ក៏មានការគ្រប់គ្រងយុទ្ធសាស្ត្រជាក់លាក់ ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃ មើលមកកម្ពុជាជាពីចម្ងាយនោះទេ។ លោកស្រី បានមានប្រសាសន៍បន្តថា នេះគឺជាមូលហេតុ ដែលធ្វើឲ្យរដ្ឋាភិបាលបារាំង ក៏ដូចជាវិស័យឯកជនបារាំង នៅបន្តជាមួយកម្ពុជា ចូលរួមចំណែកជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយបរិយាបន្ន និងចីរភាព។

ការលើកឡើងរបស់លោកស្រីទូត បានធ្វើឡើង នៅក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យលោកស្រី ចូលជួបសម្តែងការគួរសម និងជំរាបលា នៅវិមានសន្តិភាព ខណៈដែលបេសកកម្មការទូត របស់លោកជំទាវ នៅកម្ពុជា ត្រូវបានបញ្ចប់។

បើតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបថា លោកស្រីអេវ៉ា បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ជូនចំពោះមន្ត្រីរាជការកម្ពុជាទាំងអស់ ដែលបានកន្លងមក ផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជូនចំពោះលោកស្រី។ លោកស្រី បានកត់សម្គាល់ឃើញថា ក្នុងរយៈពេល៤ឆ្នាំ ក្នុងបេសកកម្មការទូតរបស់លោកស្រី នៅព្រះរាជាណាចក្រកម្ពុជា លោកស្រីបានជួបពិភាក្សា ជាមួយសម្ដេចតេជោ ជាមួយមន្ត្រីកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលរាល់កិច្ចពិភាក្សាទាំងអស់ លោកស្រីត្រង់ទៅត្រង់មក មានភាពបើកចំហ និងមានភាពស្មោះត្រង់ ដែរទាំងនេះ ជាកត្តាដ៏សំខាន់ ធ្វើឲ្យបេសកកម្មការទូតរបស់លោកស្រី នៅកម្ពុជា បានទទួលកម្មជោគជ័យ តាមការកំណត់នោះ គឺការពង្រីកនិងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ។ 

លោកស្រីក៏បានបន្ថែមទៀតដែរថា បារាំងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស វិស័យវប្បធម៌ ការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងពីនោះទៅទៀត។

លោកស្រី ក៏បានសម្ដែងនូវការអបសាទរ ជូនចំពោះសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានទទួលជោគជ័យ ក្នុងការចាក់វ៉ាក់សាំង ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយថាផ្ដល់វ៉ាក់សាំងជូនដល់ជនបរទេសទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសណ្តានចិត្តមនុស្សធម៌របស់កម្ពុជា ដែលរាល់ស្ថានទូតទាំងអស់ បានទទួលស្គាល់ និងបានវាយតំលៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោបានថ្លែងអំណរគុណ ជូនចំពោះលោកស្រី ដែលបានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មកាទូត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលបារាំង ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងនោះ មានវិទ្យាស្ថានបាស្ទ័រ ដែលបានដើរតួរយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះ។

សម្តេចតេជោបានជម្រាបជូន លោកស្រីអេវ៉ាថា យុទ្ធសាស្ត្ររបស់កម្ពុជា ផ្ដល់វ៉ាក់សាំងជូនដល់ គ្រប់ប្រជាជនទាំងអស់ ឲ្យតែរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាជាជនជាតិខ្មែរ ជនជាតិបរទេសនោះទេ។ នេះគឺជាជម្រើសចុងក្រោយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាលបារាំង ដែលតែងតែផ្ដល់ជំនួយដល់កម្ពុជា ជាពិសេសវិស័យអភិវឌ្ឍន៍ធនធានមនុស្ស វិស័យវេជ្ជសាស្រ្ត ដែលជួយដល់ការពង្រឹងសមត្ថភាពកម្ពុជា និងផ្ដល់ជាជំនួយហិរញ្ញប្បទាន ក្នុងការអភិវឌ្ឍកម្ពុជា៕

ដោយ៖ សន ពិសិដ្ឋ