ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ ក្រសួង កំពុងជំរុញដល់ការធ្វើអាជីវកម្មប្រកបដោយនវានុវត្តន៍ និងទទួលបានតម្លៃបន្ថែម ដោយពឹងផ្អែកលើបច្ចេកវិទ្យា

image

អត្ថបទ៖ សុខ លីដា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា អ្វីដែលក្រសួងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុតនោះ គឺការធ្វើអាជីវកម្ម ប្រកបដោយនវានុវត្តន៍ និងទទួលបានតម្លៃបន្ថែម ដោយពឹងផ្អែកលើបច្ចេកវិទ្យា ដែលកំពុងស្ថិតនៅលើវិថីសាកលភាវូប នីយកម្មបច្ចុប្បន្ននេះ។ 

ការអះអាងបែបនេះរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) តាមប្រព័ន្ធអនឡាញ ដែលដឹកនាំដោយលោក សៀង សុបញ្ញា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា កាលពីម្សិលមិញនេះ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា វិស័យសហគ្រាសធនតូច និងមធ្យម គឺជាសរសៃឈាមនៃសេដ្ឋកិច្ច។ បើទោះជាបច្ចុប្បន្ន វិបត្តិកូវីដ១៩ បានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចទូទៅក៏ដោយ ប៉ុន្ដែការរស់នៅ និងការប្រកបអាជីវកម្មដែលមានភាពបត់បែន នឹងអាចជំនះបាននូវបញ្ហាមួយចំនួនជាបណ្តើរៗ នឹងឈានទៅរកភាពប្រ សើរឡើងវិញ។  

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ការងារបណ្តុះបណ្តាលឲ្យស៊ីជម្រៅពីសេដ្ឋកិច្ចបែប Digital ក៏ដូចជាការពង្រឹងការគ្រប់គ្រងអាជីវកម្ម និងការអនុវត្តផលិតកម្មអនុលោមស្តង់ដារ ជាដើម គឺពិតជាមានសារ:សំខាន់ណាស់ សម្រាប់ការអភិវឌ្ឍក្រុមហ៊ុនសហគ្រាសរបស់នីមួយៗឲ្យមានឧត្តមភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ៕