ព័ត៌មានអន្តរជាតិ

ប្រទេស បុតស្វាណា រកឃើញគ្រាប់ពេជ្រមានទំហំធំបំផុតទី៣នៅលើពិភពលោក

image

ហ្គាបូរ៉ូន៖ ពេជ្រមួយគ្រាប់ទំហំ១,០៩៨ការ៉ាត់ដែលគេជឿថានឹងក្លាយជាត្បូងពេជ្រដែលធំបំផុតទី៣នៅលើពិភពលោកនោះត្រូវបានរកឃើញនៅក្នុងប្រទេស បុតស្វាណា (Botswana) ។

ពេជ្រនោះត្រូវបានប្រគល់ទៅឲ្យលោកប្រធានាធិបតី ម៉ុកវីតស៊ី ម៉ាស៊ីស៊ី (Mokgweetsi Masisi) កាលពីថ្ងៃពុធដោយនាយកគ្រប់គ្រងស្តីទីរបស់ក្រុមហ៊ុនពេជ្រ ដេបស្វាណា (Debswana) ដែលត្រូវបានបង្កើតឡើងរួមគ្នាដោយរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជន។

វាគឺជាត្បូងពេជ្រធំបំផុតទី៣នៅលើពិភពលោកបន្ទាប់ពីត្បូងពេជ្រឈ្មោះ ខាលីណាន់ (Cullinan) មានទំហំ៣,១០៦ការ៉ាត់ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនៅឆ្នាំ១៩០៥ និងពេជ្រមួយគ្រាប់ទៀតទំហំ១,១០៩ការ៉ាត់ដែលត្រូវបានរកឃើញនៅក្នុងប្រទេសបុតស្វាណា (Botswana) ក្នុងឆ្នាំ២០១៥។

រដ្ឋមន្ត្រីក្រសួងរ៉ែបាននិយាយថា ពេជ្រដែលទើបនឹងរកឃើញនេះមានទំហំ៧៣គុណ៥២មីលីម៉ែត្រ និងកំរាស់២៧មីលីម៉ែត្រ។

រដ្ឋាភិបាល បុតស្វាណា (Botswana) បានទទួលប្រាក់ចំណូលដល់ទៅ៨០%ពីការលក់របស់ក្រុមហ៊ុនពេជ្រ ដេបស្វាណា (Debswana) តាមរយៈភាគលាភ និងពន្ធ។

ការផលិតពេជ្រនៅក្រុមហ៊ុន ដេបស្វាណា (Debswana) បានធ្លាក់ចុះ២៩%នៅក្នុងឆ្នាំ២០២០ ខណៈដែលការលក់បានធ្លាក់ចុះ៣០%មកនៅត្រឹម២.១ពាន់លានដុល្លារអាមេរិកដោយសារផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩។

នៅក្នុងឆ្នាំ២០២១នេះ ក្រុមហ៊ុនពេជ្រ ដេបស្វាណា (Debswana) គ្រោងនឹងបង្កើនការផលិតរហូតដល់៣៨%ក្នុងកម្រិតមុនពេលមានវិបត្តិកូវីដ-១៩៕