ព័ត៌មានអន្តរជាតិ

ស្ថានភាពកូវីដ-១៩នៅអាហ្វហ្គានីស្ថានគ្រប់គ្រងលែងបានហើយខណៈដែលករណីឆ្លងកើនឡើង២,៤០០%ក្នុងមួយខែ

image

កាប៊ុល៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសអាហ្វហ្គានីស្ថានគ្រប់គ្រងលែងបានហើយដោយករណីឆ្លងថ្មីបានកើនឡើង២,៤០០%ក្នុងរយៈពេលមួយខែកន្លងមកនេះ ហើយមន្ទីរពេទ្យពេញអស់និងខ្វះការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយថា ជាង១ភាគ៣នៃការធ្វើតេស្តិ៍កាលពីខែមុនទទួលបានលទ្ធផលវិជ្ជមានទាំងអស់។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយដោយ ICRC, ប្រធានស្តីទីកាកបាទក្រហមអាហ្វហ្គានីស្ថានបាននិយាយថា «អាហ្វហ្គានីស្ថានកំពុងស្ថិតក្នុងវិបត្តិនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដោយសារគ្រែពេទ្យលែងមាននៅសល់នៅក្នុងរដ្ឋធានីកាប៊ុល និងតំបន់ជាច្រើនទៀត» ។

ការកើនឡើងនៃករណីឆ្លងថ្មីនេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសមួយដែលមនុស្សរាប់លាននាក់កំពុងរស់នៅក្នុងភាពក្រីក្ររួចទៅហើយនោះ និងធនធានក្នុងផ្នែកសុខាភិបាលមានការខ្វះខាត។

កាលពីថ្ងៃព្រហស្បតិ៍ អាហ្វហ្គានីស្ថានបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២,៣១៣នាក់និងអ្នកបាត់បង់ជីវិតចំនួន១០១នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ ក្រុមអ្នកជំនាញបាននិយាយថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះខ្លាំងប្រសិនបើធ្វើតេស្តិ៍បានច្រើន។

មន្ទីរពេទ្យធំៗបានបិទទ្វារឈប់ទទួលអ្នកជំងឺកូវីដ-១៩នៅសប្តាហ៍នេះដោយសារអស់គ្រែនិងខ្វះខាតអុកស៊ីសែនបន្ទាប់ពីអ្នកជំងឺសម្រុកមកយ៉ាងច្រើន។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានព្រមានថា ការខ្វះខាតវ៉ាក់សាំងកូវីដ-១៩និងភាពស្ទាក់ស្ទើររបស់ពលរដ្ឋក្នុងការចាក់វ៉ាក់សាំងនេះនឹងធ្វើឲ្យស្ថានភាពនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរទៅៗ។ មកទល់ពេលនេះ តិចជាង៥%នៃពលរដ្ឋអាហ្វហ្គានីស្ថានបានចាក់វ៉ាក់សាំងពេញលេញ៕