ព័ត៌មានអន្តរជាតិ

អភិបាលក្រុងថាទីក្រុងម៉ូស្គូកំពុងប្រឈមមុខនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីដែលសាហាវជាងមុន

image

ម៉ូស្គូ៖ អភិបាលក្រុងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋធានីម៉ូស្គូរបស់ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីដែលសាហាវជាងមុន ហើយស្ថានភាពនៅក្នុងទីក្រុងនេះគឺនឹកស្មានមិនដល់និងក្លាយទៅជាធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស។

រដ្ឋធានីម៉ូស្គូបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ចំនួន៧,៧០៤នាក់កាលពីថ្ងៃអាទិត្យដែលជាការកើនឡើងច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីថ្ងៃទី២៤ ខែធ្នូមក។ 

អាជ្ញាធររុស្ស៊ីបានបញ្ជាក់ថាករណីឆ្លងសរុបនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យមានចំនួន១៤,៧២៣នាក់ដែលជាការកើនឡើងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ។ ហើយអត្រាឆ្លងប្រចាំថ្ងៃនៅក្នុងសប្តាហ៍នេះនៅបន្តខ្ពស់ដដែល។

អភិបាលក្រុងម៉ូស្គូលោក សឺហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) បាននិយាយថា ករណីឆ្លងនៅថ្ងៃសុក្រនេះអាចនឹងកើនលើសជាង៩,០០០នាក់ដែលជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងទីក្រុងនេះចាប់តាំងពីមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩មក។

ក្នុងអំឡុងការថ្លែងទៅកាន់កិច្ចប្រជុំរដ្ឋាភិបាលដែលត្រូវបានផ្សព្វផ្សាយនៅលើទូរទស្សន៍រដ្ឋ លោក សូប៊ីយ៉ានីន (Sobyanin) មិនបានបញ្ជាក់ពីប្រភេទវីរុសកូវីដ-១៩បំប្លែងថ្មីនោះទេ។

អាជ្ញាធរសុខាភិបាលម្នាក់ទៀតដែលចូលរួមក្នុងកិច្ចប្រជុំជាមួយគ្នានោះបាននិយាយថា ចំនួនករណីឆ្លងវីរុសកូវីដ-១៩ប្រភេទថ្មីឈ្មោះ ដែលតា (Delta) ដែលមានប្រភពដំបូងនៅឥណ្ឌានោះកំពុងកើនឡើងគួរឲ្យកត់សម្គាល់នៅទូទាំងប្រទេសរុស្ស៊ី។

លោក សូប៊ីយ៉ានីន (Sobyanin) បានបន្ថែមថា ក្រុមមន្ត្រីកំពុងរៀបចំគ្រែពេទ្យបន្ថែមនៅក្នុងទីក្រុងម៉ូស្គូដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ដែលអាចនឹងកើនឡើងខ្លាំង៕