ព័ត៌មានជាតិ

កម្ពុជា ត្រៀមបណ្ដេញជនជាតិចិន ប្រព្រឹត្តបទល្មើស ទៅប្រទេសកំណីតវិញ ក្រោយធ្វើការចាប់ខ្លួនបានចំនួនយ៉ាងច្រើន

image

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្នើដល់រដ្ឋាភិបាលចិន ឱ្យជួយពន្លឿននីតិវិធី ដើម្បីបញ្ជូនជនល្មើស និងសង្ស័យ ជាជនជាតិចិន ទៅកាន់ប្រទេសកំណើតវិញ ខណៈបច្ចុប្បន្នសមត្ថកិច្ចកំពុងប្រឈមនូវបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងចំនួនដ៏ច្រើន នៃជនល្មើស និងជនសង្ស័យកំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែន។

ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយគណ:ប្រតិភូ តំណាងក្រសួងសន្តិសុខសាធារណ:ចិន នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ចំនួនដ៏ច្រើននៃជនល្មើស និងជនសង្ស័យជាជនជាតិចិន កំពុងត្រូវបានឃាត់ខ្លួននៅស្នាក់ការត្រៀមបណ្តេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែន ។

នាយឧត្តមសេនីយ៍ បានស្នើភាគីចិន ឲ្យពិចារណាអំពីការសម្របសម្រួលក្នុងការពន្លឿនការបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យទាំងនោះត្រឡប់ទៅប្រទេសចិន។

ជាការឆ្លើយតបសំណើខាងលើនេះ លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានទទួលយក និងធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណ:ចិន ដើម្បីជ្រាប និងពិចារណាអំពីដំណោះស្រាយ ដើម្បីកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរ។

លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានសម្របសម្រួលកិច្ចសហប្រតិបត្តិការ លើការងារបង្ការ និងទប់ស្កាត់បទល្មើសដែលបានបង្កឡើងដោយជនជាតិចិន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិននៅកម្ពុជា នាពេលកន្លងមកផងដែរ៕