ព័ត៌មានជាតិ

កម្ពុជា ស្នើឱ្យទូតវៀតណាម សហការបំពេញបែបបទបញ្ជូនពលរដ្ឋខ្លួនដែលរស់នៅខុសច្បាប់ ទៅប្រទេសកំណើតវិញ

image

ភ្នំពេញ ៖ អគ្គនាយកអន្តោប្រវេសន៍ ជម្រុញដល់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ឱ្យបំពេញបែបបទដើម្បីបញ្ជូនជនជាតិវៀតណាម ដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា ទៅកាន់ប្រទេសកំណើតវិញឲ្យបានឆាប់។

ការជម្រុញនេះ បានធ្វើឡើងនៅក្នុងជំនួបមួយរវាងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ។

នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh សាធារណរដ្ឋសង្គមនិយមវៀតណាមបានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាព នៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនវៀតណាម នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ មានប្រសាសន៍ថា នឹងធ្វើការសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយបទបញ្ញត្តិ ស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឲ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។ 

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានស្នើឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឲ្យបានឆាប់ ខណៈកិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមានមិនមានការរើសអើងឡើយ។

របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់០៥ខែ ដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១៨,៤៧០នាក់ ស្រី ៣,០៦០នាក់ មាន ១០៤សញ្ជាតិ៕